ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពិភាក្សាពី “បញ្ញាសិប្បនិម្មិត អភិបាលកិច្ចឌីជីថល និងសិទ្ធិទទួលព័ត៌មាន ”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវេទិកាពិភាក្សាពី “បញ្ញាសិប្បនិម្មិត អភិបាលកិច្ចឌីជីថល និងសិទ្ធិទទួលព័ត៌មាន”។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងលោក Sadar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា តំណាងគ្រឹះស្ថានអប់រំ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចពិភាក្សាថ្ងៃនេះ គឺដើម្បីជំរុញកិច្ចសន្ទនា និងបញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់និងផលប៉ះពាលនៃបច្ចេកវិទ្យាឌីជីថល ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាងរដ្ឋាភិបាល គ្រឹះស្ថានអប់រំ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យឌីជីថល និងគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល សំដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជាប្រកបដោយចីរភាព។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា​ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល បានដាក់ចេញគោលដៅជាយុទ្ធសាស្រ្តសំខាន់មួយគឺ “ការកសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល” ដែលជាមូលដ្ឋានក្នុងការធានាប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ក៏ដូចជាសិទ្ធិទទួលព័ត៌មានផងដែរ។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបាននិងកំពុងរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗ ពាក់ព័ន្ធនឹងសន្តិសុខឌីជីថល និងការការពារទិន្នន័យបុគ្គលជាដើម ព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់តួអង្គទាំងអស់ ដើម្បីរៀបចំនិងដាក់ចេញនូវវិធានការ និងសកម្មភាពជាក់លាក់សម្រួល និងគាំទ្រដល់ការចាប់យកនិងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមពិភាក្សាឱ្យបានផុសផុល ជាពិសេសបន្តគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាល និងបន្តរួមគ្នាក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។

អត្ថបទជាប់ទាក់ទង