ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកា ស្តីពីសន្តិសុខសាយប័រ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងវេទិកា ស្តីពីសន្តិសុខសាយប័រ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា (MBCC) វាគ្មិនជំនាញផ្នែកបច្ចេកវិទ្យា និងតំណាងក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។

វេទិកានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិភាក្សាលើបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងលើលិខិតបទដ្ឋានគតិយុត្តដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងរៀបចំដើម្បីប្រមូលផ្តុំធាតុចូលបន្ថែមភាគីពាក់ព័ន្ធ។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយ:ពេលជាងពីរឆ្នាំចុងក្រោយនេះ សង្គមរបស់យើងបានបង្កេីនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ លើគ្រប់វិស័យ។ ការកើនឡើងនេះបានធ្វើឱ្យគ្រប់គ្នាអាចក្លាយជាជនងាយរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណិតហើយការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាដូចជា AI, Big Data, និង​ Virtual Reality ពិតជាមានផលវិបាកក្នុងការកំណត់ពីអត្តសញ្ញាណក្រុមឧក្រិដ្ឋជន។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាក៏បានក្លាយជាគោលដៅសម្រាប់ពួកឧក្រិដ្ឋជនតាមអ៊ីនធឺណិតផងដែរ។ ស្ថាប័នជាច្រេីនធ្លាប់ត្រូវបានរងការវាយប្រហារតាមអ៊ីនធឺណិតក្រោមទម្រង់ជា Phishing, Malware, Ransomware, DDoS ជាដើម។ សន្តិសុខសាយប័រ គឺជាទំនួលខុសត្រូវរបស់យើងគ្រប់គ្នា។ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារ និងលើកកម្ពស់សុវត្ថិភាពតាមអ៊ីនធឺណិត ដោយបង្កើតហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រថ្នាក់ជាតិ និងការជ្រើសរើសមន្រ្តីជំនាញដើម្បីតាមដានការវាយប្រហារតាមអ៊ីនធឺណិតជាដើម។ លើសពីនេះទៀត ក្រសួងប្រៃសណីយន៍និងទូរគមាគមក៏កំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខសាយប័រ និងការការពារទិន្នន័យផងដែរ។​ សុវត្ថិភាពអុីនធឺណិតគឺមិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែ វាគឺជាដំណើរការដែលទាមទារការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ។

អត្ថបទជាប់ទាក់ទង