ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទ ស្តីពីបរិវត្តកម្មឌីជីថលនៅកម្ពុជា ឆ្នាំ២០២២

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ OakWood Premier ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទ ស្តីពីបរិវត្តកម្មឌីជីថលនៅកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ ” ការជំរុញសម្ទុះនៃការត្រៀមខ្លួនចាប់យកវិស័យឌីជីថល” ដែលបានចូលរួមសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន eduCLaaS Global និងក្រុមហ៊ុន Confexhub Group។ សន្និសីទនេះមានការចូលរួមពីតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន សមាគមពាណិជ្ជកម្ម ព្រមទាំងផ្នែកពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស និងការធ្វើបរិវត្តកម្មឌីជីថល សរុបប្រមាណ២៣០នាក់។

សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងទទួលបាននូវការយល់ដឹង ក៏ដូចជាពិភាក្សាប្រមូលនូវធាតុចូលសំខាន់ៗរួមគ្នា ដើម្បីចូលរួមលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងនៅក្នុងតំបន់ និងសាកលលោកដែលនឹងអាចកើតមានឡើងនៅក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ន។

ថ្លែងក្នុងសន្និសីទនេះ ឯកឧត្តមរដ្ឋមន្រ្ដី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា សន្និសីទនេះជាការចាប់ផ្ដើមដ៏ល្អដោយបានផ្តល់ឱកាសជួបជុំពីសំណាក់ស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងវិស័យសាធារណៈ និងឯកជន ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការត្រៀមខ្លួនឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា កាលានុវត្តភាពនៅក្នុងវិស័យឌីជីថល ត្រូវបានព្យាករណ៍ថានឹងអាចធ្វើឱ្យសេដ្ឋកិច្ចវិស័យឌីជីថលរបស់អាស៊ាន កើនឡើងប្រមាណ មួយទ្រីលាន ដុល្លារសហរដ្ឋអាមេរិក ដល់GDP ក្នុងតំបន់។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានលើកឡើងនូវកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការសម្របសម្រួលអក្ខរកម្មឌីជីថលនៅក្នុងកម្មវិធីសិក្សា ដើម្បីត្រៀមខ្លួនកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ជូនដល់គ្រឹះស្ថានអប់រំទូទាំងប្រទេស។

អត្ថបទជាប់ទាក់ទង