ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបើកកម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ានឆ្នាំ២០២២
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកកម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ានឆ្នាំ២០២២ ដើម្បីពិភាក្សាគ្នាលើបញ្ហានានាពិសេស ការកើនឡើងនៃឌីជីថល។ កម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ានឆ្នាំ២០២២ គឺជាកម្មវិធីដែលចូលរួមដោយយុវជនចំនួនប្រមាណ១៥០រូប អាយុចាប់ពីអាយុ ១៨ឆ្នាំដល់២៥ឆ្នាំ មកពីប្រទេសនានាក្នុងតំបន់អាស៊ាន។ ក្នុងឆ្នាំ២០២២ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានសហការជាមួយអង្គការ Common Purpose ដែលទទួលបានការគាំទ្រពីក្រុមប្រឹក្សាយុវជនប្រទេសសិង្ហបុរី ក្នុងការរៀបចំកម្មវិធីនេះចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
ថ្លែងនៅក្នុងពិធីបើកនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីអភិវឌ្ឍផ្នត់គំនិតភាពជាអ្នកដឹកនាំ បណ្តាញទំនាក់ទំនង និងស្វែងយល់អំពីវប្បធម៌ក្នុងតំបន់។ បន្ថែមលើនេះ នៅប៉ុន្មានថ្ងៃខាងមុខ ក្រុមការងារនឹងស្វែងយល់ពីបញ្ហាសង្គមជាមួយស្ថាប័នរដ្ឋ និងឯកជនផ្សេងៗ។ ក្រោយពីបានស្វែងយល់ អ្នកចូលរួមនឹងធ្វើបទបង្ហាញនៃការរកឃើញរបស់ពួកគេ និងបង្ហាញពីដំណោះស្រាយនៃការដោះស្រាយបញ្ហាទាំងនោះ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា តាមការកត់សម្គាល់ពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ជាមួយចក្ខុវិស័យដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋក្នុងការកសាងរដ្ឋាភិបាលឌីជីថលតាមរយៈការបម្រើសេវាសាធារណៈកាន់តែល្អប្រសើរ។
ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្មវិធីនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ពីសាកលវិទ្យាល័យល្បីនៅកម្ពុជា ក្នុងការជំរុញដល់និសិ្សតកម្ពុជាគ្រប់រូបមានឱកាសអភិវឌ្ឍសមត្ថភាពជំនាញដឹកនាំ ពិសេសក្នុងការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈមក្នុងតំបន់។