ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ផ្តល់អាហារូបករណ៍ចំនួន ២០កន្លែង សម្រាប់សិក្សានៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ ដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ​ នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី សិស្សជ័យលាភី ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្ត្រីជំនាញបច្ចេកវិទ្យាឌីជីថលបានចំនួនយ៉ាងច្រើន ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ពិតជាចង់ឃើញការកើតឡើងនៃមជ្ឈមណ្ឌលអភិវឌ្ឍសមត្ថភាពជំនាញឌីជីផលឱ្យមានកាន់តែច្រេីន ដើម្បីគាំទ្រ និងជំនរុញការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ឱ្យបានច្រើនបន្ថែមទៀតនាពេលអនាគត។ ក្នុងរយៈពេលកន្លងមកនេះ សិស្សដែលបានបញ្ចប់ការសិក្សាមួយចំនួនត្រូវបានជ្រើសរើសឱ្យចូលបម្រើការនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមអភិវឌ្ឍសហ្វវែរ និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងទៀត សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ បន្ថែមពីនេះទៀត ដើម្បីជាការលើកទឹកចិត្តបន្តទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្រេចផ្តល់អាហារូបករណ៍ចំនួន ២០កន្លែង សម្រាប់សិក្សានៅមជ្ឈមណ្ឌលកូរ៉េ​ សហ្វវែរ អេច អ ឌី ផងដែរ។

សូមជម្រាបជូនថា មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី គឺជាស្ថាប័នដែលផ្តោតទៅលើការ បណ្តុះបណ្តាលសិក្សាស្រាវជ្រាវលើវិស័យព័ត៌មានវិទ្យាឈានមុខមួយ ប្រកបដោយគុណភាពខ្ពស់ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០១៣។ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី មានទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យមួយចំនួន នៅសាធារណៈរដ្ឋកូរ៉េ ផងដែរ។ បច្ចុប្បន្ន ក៏ដូចជាអនាគត មជ្ឈមណ្ឌល នឹងបន្តផ្តល់ឱកាសក្នុងការសិក្សានៅក្រៅប្រទេស បន្ថែមទៀតដល់និស្សិតព័ត៌មានវិទ្យា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

??️ ទទួលបានព័ត៌មានមុនគេ សូមចូលឆាណែលតេឡេក្រាមក្រសួង ??https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង