ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម
រាជធានីភ្នំពេញ៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបបានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីវៀតណាមដែលតែងតែគាំទ្រដល់កម្ពុជានាពេលកន្លងមក។ នៅក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីសមិទ្ធផលការងារសំខាន់នៃក្រសួងដែលសម្រេចបាននៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលរួមមាន៖ គោលនយោបាយរបស់កម្ពុជាក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល តួនាទីរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសមត្ថភាព ការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការងារកំណែទម្រង់របស់ក្រសួងផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី Nguyen Manh Hung បានកោតសរសើរចំពោះសមិទ្ធផលស្នាដៃរបស់ក្រសួង ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបានបង្ហាញគោលជំហរនៅក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាក់ស្តែងដូចជាការចុះអនុស្សរណៈនៃការយោគយល់រវាងប្រទេសទាំងពីរនាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍ក៏បានជម្រាបជូនអំពីក្របខណ្ឌគោលនយោបាយនៃការធ្វើបរិវត្តកម្មឌីជីថលនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម, ការបន្តជំរុញការវិនិយោគរបស់ក្រុមហ៊ុនទូរគមនាគមន៍វៀតណាមនៅកម្ពុជា, ព្រមទាំងមានគោលបំណងក្នុងការអញ្ជើញមន្ត្រីជំនាញកម្ពុជា ដើម្បីទទួលការបណ្តុះបណ្តាលនៅវៀតណាមផងដែរ។