ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការផ្ទៀងផ្ទាត់លទ្ធផលនិងពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃ កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការផ្ទៀងផ្ទាត់លទ្ធផល និងពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃ កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នាង ម៉ៅ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យានិងគមនាគមន៍ លោក Benjamin Wildfire តំណាងអង្គការយូនីសេហ្វ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុក អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងអ្នកជំនាញផ្នែកច្បាប់។

សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សហការជាមួយអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងផ្ទៀងផ្ទាត់ជាមួយភាគីពាក់ព័ន្ធទាំងអស់ទៅលើលទ្ធផលនៃរបាយការណ៍វាយតម្លៃស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ដើម្បីឈានទៅបន្តរៀបចំជាសេចក្តីណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញពេញលេញ និងគ្រប់ជ្រុងជ្រោយ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា សេចក្តីណែនាំនេះ រៀបចំឡើងដើម្បីបំពេញចន្លោះប្រហោងនៅក្នុងប្រព័ន្ធការពារកុមារកម្ពុជាក្នុងយុគសម័យឌីជីថល ដែលក្នុងនោះវិស័យឯកជន គឺជាផ្នែកមួយសំខាន់ក្នុងការទប់ស្កាត់ បង្ការ ការពារកុមារលើប្រព័ន្ធអនឡាញ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា សេចក្តីណែនាំនេះនឹងបង្ហាញលក្ខខណ្ឌតម្រូវឱ្យក្រុមហ៊ុនដែលមានប្រតិបត្តិការ ឬផ្តល់សេវាឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួមអនុវត្ត ស្របតាមស្តង់ដារអន្តរជាតិដោយមានការគិតគូរអំពីសិទ្ធិសេរីភាពរបស់កុមារក្នុងការប្រើប្រាស់អ៊ីនធឺណិត ព្រមទាំងវិធីសាស្រ្តការពារហានិភ័យដែលមានលើបណ្តាញអ៊ីនធឺណិតចំពោះពួកគេ។

??️ ទទួលបានព័ត៌មានមុនគេ សូមចូលឆាណែលតេឡេក្រាមក្រសួង ??https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង