ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ KOICA

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ស្វាគមន៍ចំពោះកិច្ចសហការល្អនិងការគាំទ្ររបស់ទីភ្នាក់ងារ KOICA នាពេលកន្លងមក។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីការងារវិមជ្ឈការនិងសហវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលត្រូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក ការកសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថលទៅដល់ឃុំសង្កាត់ ការរៀបចំនិម្មាបនកម្មសហគ្រាសសម្រាប់រដ្ឋាភិបាល និងការជំរុញរៀបចំវិបផតថលថ្នាក់ជាតិ ដែលចង្អុលបង្ហាញនៅក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសុំភាគីកូរ៉េជួយគាំទ្រលើការបញ្ចប់ការរៀបចំវិបផតថលថ្នាក់ជាតិ ដែលតភ្ជាប់ទៅគ្រប់ក្រសួងស្ថាប័នសម្រាប់បម្រើសេវាសាធារណៈអនឡាញ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

ជាការឆ្លើយតប លោក Rho Hyunjun បានសម្តែងនូវការសាទរ និងស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយក្រសួងលើការគាំទ្រការរៀបចំវិបផតថលថ្នាក់ជាតិ តាមរយៈការបញ្ជូនអ្នកជំនាញមកផ្ដល់ធាតុចូលបន្ថែម និងលទ្ធភាពគាំទ្ររបស់ KOICA លើការងារនេះផងដែរ។

អត្ថបទជាប់ទាក់ទង

  • សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថលនៅតាមសាលាបឋមសិក្សាគោលដៅ

  • សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការ ” ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh “

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍