ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសូឡង់ ចំនួន៥៥រូប

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលអូស្ដ្រាលី ចំនួន ៣៩រូប និងនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសូឡង់ ចំនួន ១៦រូប សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដើម្បីផ្តល់អនុសាសន៍ណែនាំដល់និស្សិត មុននឹងចេញដំណើរទៅសិក្សានៅប្រទេសអូស្រ្ដាលី និងប្រទេសនូវែលសូឡង់ នាពេលខាងមុខនេះ។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅប្រទេសអូស្រ្ដាលី និងប្រទេសនូវែលសូឡង់។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើម ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សានៅបរទេស។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួង និងចំណុចសំខាន់ៗ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រេចបានរួមមានកំណែទម្រង់ផ្ទៃក្នុងក្រសួង ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាពិសេសការពង្រឹងគុណភាពសេវាទូរគមនាគមន៍។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការបន្តសិក្សា និងមានសង្ឃឹមជឿជាក់ថា ការសិក្សារបស់ក្រុមនិស្សិត ពិតជាទទួលបានជោគជ័យ ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ។

កម្មវិធីអាហារូបករណ៍រាជរដ្ឋាភិបាលអូស្ត្រាលី គឺជាផ្នែកមួយនៃជំនួយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលប្រទេសអូស្ត្រាលីសម្រាប់ផ្តល់ជូនប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ និងជាពិសេសក៏ជាកម្មវិធីមួយសម្រាប់ផ្តល់ឱកាសដ៏មានតម្លៃ និងស្នើភាពដល់មន្ត្រីរាជការ បុគ្គលិកនៃវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការកសាងសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីចូលរួមជំរុញដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ ចំណែកឯ កម្មវិធីអាហារូបករណ៍ក្រោមជំនួយរបស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស នឹងចូលរួមចំណែកក្នុងការជំរុញនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យពិភពលោកមានសុខសុវត្ថិភាព សមភាព និងវិបុលភាព។ កម្មវិធីអាហារូបករណ៍នេះ ក៏ចូលរួមចំណែកពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសនូវែលសេឡង់ តាមរយៈការរៀនសូត្រពីគ្នា និងការចែករំលែកចំណេះដឹង និងវប្បធម៌ទៅវិញទៅមក។

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”