ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបង្ហាញពីវឌ្ឍនភាពការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងបុរី ប៉េងហួត បឹងស្នោរ ល្អប្រសេីរជាងមុន ៧០%
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ក្នុងបុរីប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមពីក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរីទាំង៨ក្រុមរបស់ក្រសួង ម្ចាស់បុរី ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្ដល់សេវាអុីនធឺណេត ប្រតិបត្តិករសាងសង់បង្គោលអង់តែន និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងបុរីប៉េងហួត សរុបប្រមាណ ២៩៤នាក់។
ក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយ:ការដោះស្រាយបញ្ហាផ្ទាល់ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរីមានភាពល្អប្រសេីរជាងមុន ៧០%។ បន្ទាប់ពីក្រុមការងារបានសាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន ១២បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិកររហូតដល់៣ក្រុមហ៊ុន។ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះ ស្ថានីយ៍អង់តែនបន្ថែមចំនួន២៩ បានដាក់ឱ្យដំណើរការ ហេីយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។
ក្នុងដំណេីរការពង្រឹកគុណភាពសេវានេះ មានប្រជាពលរដ្ឋមួយចំនួនតូច បានតវ៉ាមិនឱ្យសាងសង់ ហេីយឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនថា នឹងស្ដាប់មតិភាពច្រេីន ប្រសិនមានមានប្រជាពលរដ្ឋលេីសពី៧០% មានសំណូមពរ ឯកឧត្ដមរដ្ឋមន្ត្រីនឹងគោរពស្នេីសុំគោលការណ៍ដេីម្បីសាងសង់នៅគម្រោងទី២នោះ។
លើសពីនេះទៀត ក.ប.ទ. បានចាត់តាំងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរីក្នុងការជំរុញគុណភាពសេវា។ បន្ថែមលើនេះ ក.ប.ទ. បានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Drive Test) សម្រាប់ធ្វើការវាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឱ្យប្រតិបត្តិករកែលំអរសេវា ឬវិនិយោគបន្ថែម។
តាមរយ:បទពិសោធនៃការពង្រឹងគុណភាពសេវានៅបុរីប៉េងហួតបឹងស្នោនេះ ក្រសួងនឹងយកទៅអនុវត្តនៅតាមបុរីផ្សេងទៀត ព្រមទាំងពង្រឹងសេវានៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បន្ថែមទៀតដំណាលគ្នា ដោយចាប់ផ្ដេីមពីខណ្ឌដូនពេញមុនគេ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យនិងព័ត៌មានជាក់លាក់អំពីស្ថានភាពនៃការប្រើប្រាស់ ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លើសពីនេះទៀត ក្នុងករណីដែលការវាស់ស្ទង់នេះបានបង្ហាញលទ្ធផលថា គុណភាពសេវាទូរសព្ទ ឬអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចរាយការណ៍មកនិយ័តករទូគមនាគមន៍កម្ពុជា ដើម្បីប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ។
ឆ្លៀតក្នុងនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកឡេីងពីគោលបំណងស្នេីសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណេីរសេវា 5G នាពេលអនាគត នៅបុរីប៉េងហួតមុនគេ និងស្នេីឱ្យអ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រេីបានទាំង 4G និង 5G ឱ្យបានកាន់តែច្រេីន ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ៤០ម៉ឺនគ្រឿង។