ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញអធិបតីក្នុងពិធីបើកជាផ្លូវការកម្មវិធី តិចណូវេសិន ២០២៣ (Technovation 2023)

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការកម្មវិធី តិចណូវេសិន ២០២៣ (Technovation 2023) ដែលសហការរៀបចំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងអប់រំយុវជននិងកីឡា និង Tech For Kids Academy។

តិចណូវេសិន ២០២៣ ជាកម្មវិធីបណ្ដុះបណ្ដាល និងប្រកួតប្រជែង រយៈពេល ១២ សប្ដាហ៍ ក្នុងគោលដៅជំរុញលើកកម្ពស់សិស្សស្រី​ ឱ្យមានចំណេះដឹងបច្ចេកវិទ្យាកាន់តែច្រើន ចេះធ្វើការជាក្រុមប្រកបដោយគំនិតច្នៃប្រឌិត និងរកដំណោះស្រាយថ្មីៗដោយប្រើបច្ចេកវិទ្យា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកការអប់រំ ជាវិស័យអាទិភាពមួយសម្រាប់គាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យរបស់កម្ពុជា។​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តែងតែគាំទ្រ ជានិច្ចនូវការស្រាវជ្រាវ នវានុវត្តន៍ និងចូលរួមបណ្ដុះទេពកោសល្យបច្ចេកវិទ្យា ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី លេីកទឹកចិត្តឱ្យប្អូនៗខិតខំប្រឹងប្រែងឱ្យបានសកម្ម​ និងជូនពរឱ្យក្មួយៗទាំងអស់ ទទួលបានជោគជ័យ ក្នុងកម្មវិធី តិចណូវេសិន ២០២៣​ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាសហគ្រិន និងអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាឌីជីថលនៅថ្ងៃអនាគត។

សូមជម្រាបជូនថា កម្មវិធីតិចណូវេសិន ២០២៣ មានការចូលរួមពីសិស្សានុសិស្សស្រី និងលោកគ្រូ អ្នកគ្រូ ជាច្រើនរយនាក់មកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត និងមានរៀបចំកម្មវិធីជាច្រើនទៀតដូចជា៖

-កម្មវិធី Hackathon នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ រយៈពេល១ថ្ងៃពេញ

-កម្មវិធីបណ្ដុះបណ្ដាលរយៈពេល១២សប្ដាហ៍ ចាប់ពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៣

-កម្មវិធី Bootcamp រយៈពេល ២ថ្ងៃ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣

– កម្មវិធីប្រកួតថ្នាក់ជាតិ National Pitch នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ដែលមានក្រុមចំនួន ១២ក្រុមចុងក្រោយប្រកួត ប្រជែងគ្នា។ បន្ទាប់ពីបញ្ចប់កម្មវិធីសិស្សានុសិស្ស ក៏ដូចជាគ្រូបង្វឹកនឹងទទួលបានសញ្ញាបត្រ ក៏ដូចជារង្វាន់លើកទឹកចិត្ត។

ដោយឡែកក្រុមចំនួន ១២ ពីទូទាំងពិភពលោកនឹងត្រូវបានជ្រើសរើស នៅចុង ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងការប្រកួតកំពូលកម្រិតពិភពលោក Technovation World Summit 2023 ក្នុងអំឡុង ខែសីហា ឆ្នាំ ២០២៣។

អត្ថបទជាប់ទាក់ទង