ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ ដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធ
កោះបូរ៉ាខេ៖ ចាប់ពីថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ Shangri-La កោះបូរ៉ាខេ ប្រទេសហ្វីលីពីន ឯកឧត្តម កែវ សុទ្ធិ
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៣ (The 3rd ADGMIN) និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៣នេះ មាន ឯកឧត្តម H.E. Mr. Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍នៃប្រទេសហ្វីលីពីនជាប្រធានកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី នៃប្រទេសជាសមាជិកអាស៊ាន ប្រទេសជាដៃគូសន្ទនាចំនួន ៥ និងអង្គការដៃគូអាស៊ាន ចំនួន ២ ព្រមទាំងមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម បណ្ឌិត កៅ គឹម ហួន អគ្គលេខាធិការនៃលេខាធិការដ្ឋានអាស៊ានផងដែរ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្តោតលើមូលបទរួមស្តីពី “Synergy Towards a Sustainable Digital Future” ហើយក្នុងកិច្ចប្រជុំរយៈពេលចំនួន២ថ្ងៃនេះ និងធ្វើការពិភាក្សានិងសម្រេចលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១. ពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីឌីជីថលអាស៊ាន-កិច្ចប្រជុំនិយ័តករទូរគមនាគមន៍អាស៊ាន (ADGSOM-ARTC) ឆ្នាំ២០២២ ដែលប្រទេសមីយ៉ាន់ម៉ាជាប្រធាន និងកម្ពុជាជាសហប្រធាន។
២. ពិនិត្យវឌ្ឍនភាព និង របាយការណ៍ស្តីអំពីការអនុវត្តគម្រោងក្នុងក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) ក្នុងឆ្នាំ២០២២ សរុបចំនួន៩ គម្រោង។
៣. ពិនិត្យវឌ្ឍនភាព និងលទ្ធភាពក្នុងការរៀបចំធ្វើគម្រោងក្នុងក្របខណ្ឌ ADGMIN ក្នុងឆ្នាំ២០២៣ សរុបចំនួន១៣ គម្រោង ដែលក្នុងនោះមានគម្រោងដែលស្នើឡើងដោយកម្ពុជាចំនួន៣ ផងដែរ។
៤. គាំទ្រលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PED) ក្រោមក្របខណ្ឌវដ្តការងារឆ្នាំ២០២២-២០២៣ របស់ ADGSOM-ATRC ដែលក្នុងនោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២២ របស់កម្ពុជាស្តីពី “ការលើកកម្ពស់ការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់អាស៊ាន ” ក៏ទទួលបានការគាំទ្រផងដែរ។
៥. អនុម័តគម្រោងការងារអនុវត្តរួមគ្នាជាមួយប្រទេសជាដៃគូសន្ទនាទាំង៥ របស់ ADGMIN មានដូចជា ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អាមេរិក ព្រមទាំងអង្គការជាដៃគូទាំង២ មានដូចជាក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងសហភាពទូរគមនាគមន៍អន្តរជាតិ។
៦. អនុម័តទៅលើសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំ និងសេចក្តីប្រកាសកោះបូរ៉ាខេនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម កែវ សុទ្ធិ ក៏បានដឹកនាំប្រតិភូជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយសហរដ្ឋអាមេរិក ប្រទេសជប៉ុន ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងសហភាពទូរគមនាគមន៍អន្តរជាតិ ក្នុងគោលបំណងពិនិត្យលទ្ធភាពពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ស្វែងរកការជួយគាំទ្រដល់កម្ពុជាលើសំណើគម្រោងរបស់កម្ពុជាទាំងក្នុងក្របខណ្ឌអាស៊ាន និងលើឆាកអន្តរជាតិនានា ដើម្បីជួយជំរុញដល់ដំណើរការធ្វើបរិវត្តកម្មឌីជីថល និងការតភ្ជាប់ឌីជីថលរបស់កម្ពុជា ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ ២០២២-២០៣៥។
តាមរយៈការចូលរួមកិច្ចប្រជុំនេះ កម្ពុជាទទួលបាននូវលទ្ធផលវិជ្ជមានជាច្រើនតាមរយៈឱកាសទទួលបានគម្រោង ជំនួយបច្ចេកទេស អ្នកជំនាញការ និងធនធាននានា ដើម្បីជំរុញ និងពន្លឿនការអនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។