ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ និងចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាព ស្ថិតនៅភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គភាពក្រោមឱវាទ ព្រមទាំង អភិបាលរងខេត្តឧត្តរមានជ័យ លោក ម៉ែន សុភក្តិ អគ្គនាយករងក្រុមហ៊ុន សុភក្តិនីការអុិនវេសមេនគ្រុប ខូអិលធីឌី ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ និងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើនរូប។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី​ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតដល់បងប្អូនយុទ្ធជនយើងពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងមានក្តីនឹករលឹកប្រកបដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះនាយទាហាន នាយទាហានរង ពលទាហាន ព្រមទាំងក្រុមគ្រួសារ ដែលបានលះបង់យ៉ាងប្តូរផ្តាច់ ឈរជើងប្រចាំការ ដើម្បីការពារបូរណភាពទឹកដី។

ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាការលះបង់របស់បងប្អូន ជាការចូលរួមចំណែកការពារសន្តិភាពដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ជាស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ​ បាននាំសន្តិភាព ឯកភាពជាតិពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងទាំងអស់គ្នា “អរគុណសន្តិភាព” និងបន្តគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបងប្អូនយុទ្ធជន អំពីវឌ្ឍនភាពការងារវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល, បច្ចុប្បន្នភាពស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសនិងសកលលោក និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ក៏ដូចជាភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការធានាបានការអភិវឌ្ឍសេដ្ឋកិច្ច។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង​ កិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពនេះ រឹតតែត្រូវបានពង្រឹងឱ្យកាន់តែប្រសើរឡើងៗ រួមជាមួយនឹងការបន្តគាំទ្រឧបត្ថម្ភបំពេញតម្រូវការរបស់បងប្អូនយុទ្ធជន ដើម្បីរួមចំណែកការពារសុខសន្តិភាពរបស់ប្រទេសយើងទាំងអស់គ្នា។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជូនអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងថវិកា ដើម្បីជួយឧបត្ថម្ភនិងចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាននិងគ្រួសារ​ និងបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤១។

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង