ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់លើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់លើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកស្រី អេង កល្យាណ មន្ត្រីកិច្ចការពារកុមាររបស់អង្គការយូនីសេហ្វ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុក អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងអ្នកជំនាញផ្នែកច្បាប់។

សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សហការជាមួយអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងពិនិត្យលើសេចក្តីព្រាងនាដំណាក់កាលចុងក្រោយ ដើម្បីជាសក្ខីភាពនៃការរួមដៃសហការគ្នាក្នុងកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ជាជំហានឆ្ពោះការការពារសុវត្ថិភាព និងការបង្កើតបរិស្ថានឌីជីថលអំណោយផលដល់កុមារកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គោលការណ៍ណែនាំបច្ចេកទេសនេះ បានចង្អុលបង្ហាញនូវយន្តការមួយចំនួនដែលតម្រូវឱ្យក្រុមហ៊ុនទាំងឡាយណាដែលមានប្រតិបត្តិការឬផ្តល់សេវាឌីជីថលក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួមអនុវត្ត។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា គោលការណ៍ណែនាំ ត្រូវបានរៀបចំឡើងស្របតាមស្តង់ដារអន្តរជាតិដោយមានការគិតគូរអំពីសិទ្ធិសេរីភាពរបស់កុមារក្នុងការប្រើប្រាស់អ៊ីនធឺណិត ស្របពេលជាមួយនឹងការដាក់ចេញនូវយន្តការការពារហានិភ័យដែលមានលើបណ្តាញអ៊ីនធឺណិតចំពោះកុមារ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា យន្តការទាំងនោះមាន៦ចំនុចសំខាន់ៗ គឺ ១.) ការវាយតម្លៃផលប៉ះពាល់លើសិទ្ធិកុមារ ២.)ការបង្កើតនិងអនុវត្តនិតិវិធីផ្ទៃក្នុងរបស់ក្រុមហ៊ុន ៣.)ការអនុវត្តគោលការណ៍រចនាប្រកបដោយសុវត្ថិភាព ៤.)ការគាំទ្រនិងលើកកម្ពស់ការយល់ដឹង ៥.)ការបង្កើតបរិស្ថានសុវត្ថិភាពលើប្រព័ន្ធអនឡាញ និង៦.)ការទប់ស្កាត់ ឆ្លើយតបទៅនឹងរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ(CSAM)។ យន្តការទាំង៦ នេះគឺជាស្តង់ដារអប្បបរមា ដែលក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល គ្រប់ប្រភេទនិងគ្រប់ទំហំ អាចជ្រើសរើសអនុវត្តប្រកបដោយភាពបត់បែនសមស្របតាមធនធាន និងប្រតិបត្តិការដែលខ្លួនមាន។ ស្របជាមួយគ្នានេះ ដើម្បីអាចបង្កភាពងាយស្រួលដល់ក្រុមហ៊ុនក្នុងការអនុវត្តគោលការណ៍ណែនាំនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់លើការប្រើប្រាស់ឧបករណ៍នានាផងដែរ។

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង