សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង

នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) តំណាងដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ ក.ប.ទ. និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) តំណាងដោយ ឯកឧត្តមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ ស.ជ.គ.។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានគ្រប់អង្គភាព មន្ត្រីរាជការ នៃ ក.ប.ទ. និងគណៈគ្រប់គ្រង ស.ជ.គ. ព្រមទាំងនិស្សិត ដែលមានចំនួនសរុបប្រមាណ ៤០០ នាក់ ផងដែរ។

ស.ជ.គ. បានជ្រើសរើសប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៃ ស.ជ.គ. ហើយ ក.ប.ទ. ក៏បានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុង ស.ជ.គ. ព្រមទាំងការសហការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាឌីជីថល។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. មានប្រសាសន៍ថា ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្របរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៃ ស.ជ.គ. អាចចាត់ទុកបានថា ជាសមិទ្ធផលធំថ្មីមួយ បន្ទាប់ពីការដាក់ឱ្យអនុវត្តលើវិញ្ញាបនបត្ររបស់ ក.ប.ទ. និងវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ហើយ សាកលវិទ្យាល័យជាតិគ្រប់គ្រង គឺជាសាកលវិទ្យាល័យទី១ ដែលបានចូលរួមប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh លើសញ្ញាបត្រកម្រិតឧត្តមសិក្សារបស់ខ្លួន។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ ស.ជ.គ. ចំពោះការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់គ្រឹះសា្ថនឧត្តមសិក្សា ដើម្បីចូលរួមចំណែកក្នុងការសម្រេចចក្ខុវិស័យកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃសញ្ញាបត្រនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

ក.ប.ទ. សូមជម្រាបជូនដំណឹងដល់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទាំងអស់ ដែលមានបំណងចង់ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សូមធ្វើការទាក់ទងមកក្រុមការងារបច្ចេកទេស ក.ប.ទ. តាមរយៈ ទូរសព្ទ Hotline ១២៣ រៀងរាល់ម៉ោងធ្វើការ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។

*****

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”