ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Xiao Lianhuo ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន E-GetS

ពិភាក្សាការងារជាមួយលោក Xiao Lianhuo ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន E-GetS

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក Xiao Lianhuo ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន E-GetS។

ជាកិច្ចចាប់ផ្តើម លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន E-GetS មានសេចក្តីសោមនស្សរីករាយ ដែលបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងរយៈពេល៥ឆ្នាំនេះ ក្នុងការបម្រើសេវាដឹកជញ្ជូនបញ្ញើ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជិត​ ៣០០០នាក់ សម្រាប់ផ្តល់សេវាបញ្ញើ និងទីភ្នាក់ងារបញ្ញើនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន E-GetS និងសហការី ដែលបានបង្ហាញនូវស្មារតីចូលរួមចំណែកដល់ការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនលើការដឹកជញ្ជូនបញ្ញើ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុនមានការដាក់ប្រព័ន្ធគ្រប់គ្រងការទូទាត់ប្រាក់ លើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយរក្សាទុកប្រាក់ដែលបានបង់រហូតដល់ទំនិញត្រូវបានចែកចាយ និងទទួលយកដោយអ្នកកម្មង់ទិញ ទើបបង់ប្រាក់នោះទៅដល់អ្នកលក់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដើម្បីកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ និងធានាថាការបង់ប្រាក់នៅពេលកម្មង់ទិញរបស់អតិថិជន អាចទទួលបានប្រាក់នោះមកវិញ នៅពេលពិនិត្យឃើញថាអីវ៉ាន់ដែលកម្មង់ទិញនោះ មិនដូចអ្វីដែលរំពឹងទុក។

ជាការឆ្លើយតប ទាក់ទងនឹងចំណុចនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុន E-Gets នឹងពង្រឹងការដាក់ឱ្យអនុវត្តប្រព័ន្ធទូទាត់បែបនេះ ដើម្បីធានាដល់ទំនុកចិត្តរបស់អ្នកកម្មង់ទិញ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី លើកទឹកចិត្តដល់ក្រុមហ៊ុន ក្នុងការដាក់លក់នូវផលិតផលតំណាងភូមិសាស្ត្រ ផលិតផលកសិកម្មសរីរាង្គជាដើម របស់កសិករខ្មែរនៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រុមហ៊ុន ដើម្បីជួយលើកស្ទួយផលិតផលរបស់កសិករខ្មែរ និងកម្រិតជីវភាពរបស់ប្រជាជន។ ក្រសួងគាំទ្រដល់អាជីវកម្មរបស់ក្រុមហ៊ុន ដែលបានរួមចំណែកដល់ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចនៅកម្ពុជា។

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤