ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២)

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារឯករាជ្យ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លោក លោកស្រី ជាវាគ្មិន និងសិក្ខាកាមជាមន្ត្រីរាជការមកពីបណ្តាមន្ទីរ ប.ទ.ខេត្តទាំង ២៤ ព្រមទាំងតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត សរុបប្រមាណ ២៥០នាក់។

ក្នុងមតិស្វាគមន៍ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានបង្ហាញពីឆន្ទៈសហការចូលរួមគាំទ្ររបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលវិស័យនេះមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ព្រមទាំងវាយតម្លៃខ្ពស់ថាសិក្ខាសាលានេះពិតជាធ្វើឱ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិទទួលបានការអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានរំឭកឡើងវិញនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា៖ គ្រប់ក្រសួងស្ថាប័ន ត្រូវខិតខំវិនិយោគឱ្យបានច្រើនបន្ថែមទៀត ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះថាបើសិនគ្មានធនធានមនុស្សទេ ប្រទេសជាតិយើងមិនអាចអភិវឌ្ឍន៍បានឡើយ។ ហេតុដូច្នេះហើយ ចាប់ពី ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការ លើជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមទាំងការផ្ដល់អាហារូបករណ៍សម្រាប់មន្ត្រី ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងកម្មវិធីចែករំលែកបទពិសោធការអនុការងារជាក់ស្តែង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបជូនអង្គពិធីអំពីការដោះស្រាយបញ្ហាប្រឈម និងវឌ្ឍនភាពការងារវិស័យប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគន៍និងព័ត៌មាន ជាពិសេសផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។

ក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានដាក់ចេញអាទិភាពក្នុងការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណ:ក្នុងខេត្តព្រះសីហនុ និងគម្រោងតម្លេីង Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវាគ្មិនទាំងអស់ ដែលជាថ្នាក់ដឹកនាំនិងអ្នកបច្ចេកទេសរបស់ក្រសួង ដែលបានអញ្ជើញមកចូលរួមធ្វើបទបង្ហាញតាមជំនាញរៀងៗខ្លួន ចែករំលែកចំណេះដឹង ឧត្តមានុវត្តន៍ និងបទពិសោធថ្មីៗដល់សិក្ខាកាមក្នុងអង្គសិក្ខាសាលាទាំង៤តំបន់ ជូនមន្ត្រីរាជការនៅមន្ទីរ ប.ទ. ទូទាំងប្រទេស ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង