ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការកសាងសមត្ថភាព និងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ

ក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពនិងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ” សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA) និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមពីតំណាង UNDESA ឯកឧត្តម លោកជំទាវ លោក និងលោកស្រី ជាថា្នក់ដឹកនាំនិងមន្ត្រីជំនាញទទួលបន្ទុកការងារបរិវត្តកម្មឌីជីថល មកពីក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។

ជាមួយគ្នានេះ លោក ជូវ៉ាង ជូ តំណាង UNDESA មានប្រសាសន៍អំពីការរីកចម្រើននៃវិស័យឌីជីថលរបស់កម្ពុជា ដែលបច្ចុប្បន្ននេះ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោមប្រទេសចំនួន១៩៣ និងមានសន្ទស្សន៍កើនឡើង ៣១លេខ នៅក្នុងចំណាត់ថ្នាក់នៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលក្នុងពិភពលោក គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ ជាពិសេស ទិន្នន័យគឺជាស្នូលនៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល និងជាធនធានដ៏សំខាន់របស់រដ្ឋាភិបាល ហើយការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តនិងការរៀបចំគោលនយោបាយ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងពីបច្ច័យវិជ្ជមាននៃបច្ចេកវិទ្យាឌីជីថល និងបរិវត្តកម្មឌីជីថល ក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ វិស័យឌីជីថល ជាប្រភពនៃកំណើនថ្មីដើម្បីជំរុញសេដ្ឋកិច្ច ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែងកម្ពុជានៅក្នុងតំបន់និងពិភពលោក ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ រាជរដ្ឋាភិបាលបានដាក់ចេញ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ជាមួយចក្ខុវិស័យ “កសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយកនិងបរិត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មីនិងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី” និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាមួយនឹងយុទ្ធសាស្រ្តនិងសកម្មភាពអាទិភាព ដើម្បីជំរុញបរិវត្តកម្មឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដោយកំណត់អាទិភាពក្នុងការរៀបចំគោលនយោបាយក្លោដអាទិភាព គោលនយោបាយទិន្នន័យបើកចំហ ច្បាប់ស្តីពីរដ្ឋាភិបាលឌីជីថល និងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គលជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិដើម្បីដាក់ចេញគោលការណ៍និងស្តង់ដានិម្មាបនកម្មទិន្នន័យ យន្តការ និងក្របខណ្ឌសម្រាប់ការគ្រប់គ្រង ការកែប្រែ ការចែករំលែក និងការការពារទិន្នន័យ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើគ្រប់ភាគីពាក់ព័ន្ធ ចូលរួមពិភាក្សា ផ្តល់ធាតុចូល និងកំណត់ទិសដៅក្នុងការកសាងក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិឱ្យបានល្អប្រសើ។

អត្ថបទជាប់ទាក់ទង