ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញផ្តល់បាឋកថាលើប្រធានបទស្តីពី “កម្ពុជា ៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល” ជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញផ្តល់បាឋកថាស្តីពី “ កម្ពុជា ៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល ” ជូនសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ សិស្សមន្ត្រីក្រមការជំនាន់ទី១០ កម្មសិក្សាការីឆ្នាំ២០២៣ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល អញ្ជើញមកពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមដោយផ្ទាល់​ និងតាមប្រព័ន្ធអនឡាញប្រមាណ​ ៧៩០​ អង្គ/នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីសារសំខាន់នៃ ការចូលរួមចំណែករបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការផ្តល់បាឋកថានាពេលនេះ ដែលជាសកម្មភាពដ៏ថ្លៃថ្លាដើម្បីជួយជំរុញក្នុងដំណើរកាឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល និងពង្រឹងដំណើរការបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ស្របតាមការវិវត្តថ្មីៗរបស់សង្គម និងបរិវត្តកម្មឌីជីថល។
ថ្លែងក្នុងពិធីបាឋកថានាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានធ្វើបទឧទ្ទេសនាមស្ដីពី រចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាពការងារ។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បាន បង្ហាញពីការវិវឌ្ឍនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក្នុងការធ្វើបរិវត្តកម្មឌីជីថល យន្តការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលដើរតួនាទីជាផែនទីបង្ហាញផ្លូវសម្រាប់ការផ្ដល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា យន្តការអនុវត្តនិងរចនាសម្ព័ន្ធដឹកនាំ ដំណាក់កាលទី១ នៃការធ្វើបរិវត្តកម្មឌីជីថល ក្នុងក្រសួង-ស្ថាប័ន ដើម្បីជាមូលដ្ឋានក្នុងការចេញដំណើរ យើងត្រូវមានការរៀបចំអង្គភាពបរិវត្តកម្មឌីជីថល ការរៀបចំតភ្ជាប់បណ្តាញរាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឧបករណ៍និងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ការរៀបចំផែនការអភិវឌ្ឍឌីជីថលក្នុងក្រសួងនីមួយៗ និងការរៀបចំផែនការសកម្មភាព។

ស្របជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីការអភិវឌ្ឍធនធានមនុស្សដើម្បីជំរុញបរិវត្តកម្មឌីជីថល ដែលផ្តល់លើការលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញការចាប់យកឌីជីថល និងការបង្កើតកម្មវិធីប្រកួតប្រជែង។ លើសពីនេះ​ គម្រោងតភ្ជាប់បណ្តាញខ្សែកាបអុបទិកដល់គ្រប់ឃុំទូទាំងប្រទេស ត្រឹមឆ្នាំ២០២៧ ដោយតភ្ជាប់ទៅដល់សាលាឃុំ​ ប៉ុស្តិ៍នគរបាល វិទ្យាល័យ សាលារៀន មន្ទីរពេទ្យ ឬមណ្ឌលសុខភាព និងទីប្រជុំជន ព្រមទាំងការរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍​ (Community Tech Center)។ បន្ថែមលើនេះ ក្រសួងមានគម្រោងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញអ៊ីនធឺណិតល្បឿនលឿន មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជន ការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ រាប់ពាក់កន្លែងជារៀងរាល់ឆ្នាំសម្រាប់សិក្សាជំនាញឌីជីថល និងការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល លើការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់សិស្សមន្ត្រី​ និងកម្មសិក្សាការីទាំងអស់ដែលជាធនធានមនុស្សសំខាន់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងស្នេីឱ្យ​ “ចូលរួមទាំងអស់គ្នាដេីម្បីកម្ពុជាឆ្ពោះទៅឌីជីថល”។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់កិត្តិយសចែក វិញ្ញាបនបត្រជំនាញឌីជីថលចាំបាច់ដល់សិស្សមន្ត្រី និងកម្មសិក្សាការីរបស់សាលាភូមិន្ទរដ្ឋបាល ដែលបានសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាផងដែរ។


ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង