ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាត​ឱ្យ​អគ្គនាយកមជ្ឈមណ្ឌលគាំទ្រធុរកិច្ចថ្មីឌីជីថល Born2Global នៃក្រសួង​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគមនាគមន៍​និង​ព័ត៌មាន​នៃសាធារណរដ្ឋ​កូរ៉េ (MSIT) ​ជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បាន​អនុញ្ញាត​ឱ្យ​លោក Kim Jongkap អគ្គនាយកមជ្ឈមណ្ឌល​គាំទ្រធុរកិច្ចថ្មីឌីជីថល Born2Global និង​សហការី ជួប​សម្ដែង​ការ​គួរសម​ ​និង​ពិភាក្សា​ការងារ។ លោក Kim Jongkap និង​សហការី ក៏បាន​ធ្វើ​ទស្សនកិច្ចនិងជួបពិភាក្សា​ការងារ​ជាមួយ​​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា និង​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល​ ផងដែរ។

លោក Kim Jongkap បាន​ថ្លែង​អំណរគុណឯកឧត្ដមរដ្ឋមន្ត្រី​ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុមការងារមជ្ឈមណ្ឌល Born2Global ស្វែងយល់កាន់តែច្បាស់អំពីសន្ទុះរីកចម្រើន​នៃ​ធុរកិច្ច​ថ្មី​ឌីជីថលនៅ​កម្ពុជា និង​បាន​លើកឡើង​អំពី​គោលបំណង​ក្នុង​ការ​ជំរុញ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​កូរ៉េ​និងធុរកិច្ច​ថ្មីនិង​​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការងារ និងសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន, ការលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាតាមរយៈដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រេីន, ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍,​ ការដាក់ចេញកម្មវិធីប្រកួតប្រជែងពានរង្វាន់ឌីជីថលកម្ពុជាប្រចាំឆ្នាំ ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះស្មារតីសហការរបស់ភាគីកូរ៉េ នឹងរំពឹងថាកិច្ចសហការរវាងស្ថាប័នទាំងពីរនឹងជួយជំរុញដល់ការគាំទ្រធុរកិច្ច និង​អភិវឌ្ឍ​វិស័យ​ឌីជីថលនៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។

អត្ថបទជាប់ទាក់ទង