ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្ត “គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល ដើម្បីធានាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ”
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ៦ ខែកក្ដដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកម្មវិធីផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្ត “គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក Will Parks តំណាងប្រចាំប្រទេសអង្គការយូនីសេហ្វ(UNICEF) នៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី Manveen Kohli តំណាងភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហឹង្សាលើកុមារ (GPEVAC) ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងសិស្ស-និស្សិត ។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា “គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” នេះគឺជាសមទ្ធិផលថ្មីមួយដែលត្រូវបានរៀបចំឡើងដោយក្រុមការងារនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការសហការជាមួយអង្គការយូនីសេហ្វប្រចាំកម្ពុជា និងភាគីពាក់ពន្ធនានា ក្នុងគោលដៅរៀបចំនូវវិធានការច្បាស់លាស់ដើម្បីថែរក្សាសុវត្ថិភាពរបស់កុមារលើប្រព័ន្ធអនឡាយ និងនៅពេលពួកគេប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមទាំងឧបករណ៍ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ឬម៉ាស៊ីនស្វ័យសិក្សា (Machine-Learning) និងដើម្បីឆ្លើយតបឱ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធផលនៅពេលដែលកុមារជួបប្រទះហានិភ័យ។ ស្របតាមគោលការណ៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ការការពារកុមារ គឺជាទំនួលខុសត្រូវរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ រាប់បញ្ជូលទាំងអ្នកធ្វើនយោបាយ វិស័យឯកជន ឪពុកម្ដាយ អាណាព្យាបាល អ្នកធ្វើការក្នុងវិស័យអប់រំ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ចូលរួមអនុវត្តតាមគោលការណ៍ណែនាំនេះ ដើម្បីធ្វើយ៉ាងណាឱ្យកុមារកម្ពុជាមានអ៊ីនធឺណិតប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងឱ្យពួកគេក្លាយជាពលរដ្ឋឌីជីថលរឹងមាំដែលទ្រទ្រង់ដល់ដំណើរកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក។