ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជេីញចូលរួមក្នុងកម្មវិធីជំនួបរវាងក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីល កម្ពុជា-ឥណ្ឌា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun and Moon Riverside ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងកម្មវិធីជំនួបរវាងក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីល កម្ពុជា-ឥណ្ឌា ដែលរៀបចំឡើងដោយគណៈកម្មាធិការជំរុញការនាំចេញគ្រឿងអេឡិចត្រូនិក (ESC) និង កម្មវិធីកុំព្យូទ័រឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមន៍បច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលឥណ្ឌា និងកម្ពុជា សរុប៩០នាក់ ក្នុងនោះរួមមានក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលកម្ពុជាចំនួន ៦០ក្រុមហ៊ុន និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីៗមកពីឥណ្ឌាចំនួន ១៥ក្រុមហ៊ុន ដែលមានជំនាញលើផ្នែក Software Solution, AI, Big Data analytics, Cyber Security, Cloud Computing, Web and Mobile Application, FinTech, EduTech, AgriTech និង Blockchain។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងដោយបានផ្លាស់ប្តូរការប្រាស្រ័យទាក់ទងគ្នា ការបំពេញការងារ ការធ្វើធុរកិច្ច និងការសិក្សាកាន់តែប្រសើរឡើង។ ហើយទន្ទឹមនិងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល រួមជាមួយអត្ថប្រយោជន៍ដ៏ធំធេង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងកំណើនសេដ្ឋកិច្ច ក៏ដូចជាការកសាងរដ្ឋាភិបាលឌីជីថល និងការបម្រើសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន។ គោលដៅជាយុទ្ធសាស្ត្រចំបងមួយ គឺការលើកកម្ពស់កិច្ចសហការ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន សំដៅលើកទឹកចិត្តដល់ការចូលរួមរបស់វិស័យឯកជននិងដៃគូ ក្នុងការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយប្រសិទ្ធផល ការកៀរគរធនធានមនុស្សឌីជីថល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងការចូលរួមអភិវឌ្ឍ ប្រតិបត្តិការ និងការថែទាំប្រព័ន្ធឌីជីថលនានា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសឥណ្ឌាដែលបានបង្កើតធនធានមនុស្សឆ្នើមរបស់ខ្លួនជាច្រើនក្នុងវិស័យ ICT ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលល្បីៗ និងសង្ឃឹមថាកម្មវិធីនៅថ្ងៃនេះនឹងផ្តល់ឱកាសដល់ក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជា និងឥណ្ឌាតភ្ជាប់ទំនាក់ទំនងរវាងគ្នា ផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង បង្កើនដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក៏ដូចជាការចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាផងដែរ។

អត្ថបទជាប់ទាក់ទង