ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ២០២៣ (CODE-C: Developer Conference and Tech Expo 2023) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP) ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អ្នកអភិវឌ្ឍន៍សុសវែរ អ្នកជំនាញបច្ចេកវិទ្យាឌីជីថល មកពីក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាបនិកធុរកិច្ចថ្មីឌីជីថល អ្នកផ្ដល់សេវាកម្មឌីជីថល និងសិស្សនិស្សិតជាច្រើនកុះករ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញដោយផ្តល់អាទិភាពលើការធ្វើបរិវត្តកម្ម និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដូចបានកំណត់ក្នុងបញ្ចកោណទី៥។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា យើងទាំងអស់គ្នាមានតួនាទីក្នុងការប្រើប្រាស់ជំនាញរបស់យើង ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវការងារអាទិភាពរបស់កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណទី៥។

ស្របជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីសារសំខាន់នៃការរៀបចំដើម្បីបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។ ក្រសួងបានដាក់ចេញការងារអាទិភាពជាច្រើនរួមមាន ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញការចាប់យកឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ លើការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា នៅប៉ុន្មានខែខាងមុខនេះ ក្រសួងនឹងដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ដែលជាផែនការឆ្ពោះទៅមុខ សម្រាប់លើកកម្ពស់ជំនាញឌីជីថលកម្រិតខ្ពស់ និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។

*សូមជម្រាបជូនថា CODE-C គឺជាសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ប្រមូលផ្តុំអ្នកសរសេរកូដ អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញវន្តឌីជីថល ព្រមទាំងសិស្សនិស្សិត ក្នុងគោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។

អត្ថបទជាប់ទាក់ទង