ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍” នៅខេត្តស្ទឹងត្រែង
ដេីម្បីចូលរួមជាមួយនឹងក្រសួង-ស្ថាប័នទាំងអស់ ក្នុងសកម្មភាពពហុវិស័យរបស់រាជរដ្ឋាភិបាលចំពោះការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្ទឹងត្រែង ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក សែម វ៉ាន់ស៊ីម អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន៥ រួមមាន ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តក្រចេះ ព្រមទាំងសាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ សរុបប្រមាណ ៥០រូប។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកផ្តល់ចំណេះដឹងជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត សាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ស្តីពីការឆ្លង ការការពារ ការថែទាំ ការព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងផលវិបាកគ្រោះថ្នាក់ និងឥទ្ធិពលនៃគ្រឿងញៀនមកលើក្រុមគ្រួសារនិងសង្គមជាតិ និងដើម្បីបន្តផ្សព្វផ្សាយនិងលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ឱ្យបង្កើនការគាំទ្រចូលរួមបញ្ចប់អេដស៍ឱ្យបាននៅឆ្នាំ២០២៥ និងទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ សំដៅឆ្លើយតបតាមផែនការនិងទិសដៅក្នុងការទប់ស្កាត់ការឆ្លងជំងឺអេដស៍និងការប្រើប្រាស់គ្រឿងញៀនរបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានមានប្រសាសន៍ថា សិក្ខាកាមដែលបានចូលរួមនៅថ្ងៃនេះ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀន ក្នុងការត្រួតពិនិត្យនិងរិតបន្តឹងការទទួលកញ្ចប់បញ្ញើ ដែលក្រុមហ៊ុនរបស់ខ្លួនកំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ ព្រមទាំងបានស្នើដល់ លោក លោកស្រី ជាតំណាងប្រតិបត្តិករប្រៃសណីយ៍ ត្រូវយកចំណេះដឹងនេះ ដើម្បីបន្តគាំទ្រសកម្មភាពជួយសង្គម តាមការផ្សព្វផ្សាយចែករំលែកបន្ត។
ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចំណាយពេលក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗពាក់ពន្ធ័នឹងជំងឺអេដស៍និងគ្រឿងញៀន ជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត សាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ ដើម្បីសហការនិងអនុវត្តឱ្យមានប្រសិទ្ធភាពផងដែរ។