ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញប្រគល់កុំព្យូទ័រ ២០០គ្រឿង ជូនដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា យកទៅប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍធនធានមនុស្សឌីជីថល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញប្រគល់កុំព្យូទ័រ ២០០គ្រឿង ជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា តំណាងដោយឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថាន​។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កាលពីឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបាឋកថាស្ដីអំពី “ការវិវត្តនៃវិស័យទូរគមនាគមន៍នៅកម្ពុជា” ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យឃើញថាវិទ្យាស្ថានមានតម្រូវការក្នុងការបង្រៀនលើជំនាញបច្ចេកវិទ្យាឌីជីថល​ ហេីយសម្រេចផ្តល់កុំព្យូទ័រចំនួន ២០០គ្រឿង និងបានផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង ដល់និស្សិតពូកែ​ ជនជាតិភាគតិច​ និងមានជីវភាពលំបាក​ សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ចំពោះកុំព្យូទ័រ ២០០គ្រឿងដែលបានប្រគល់ជូននៅពេលនេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការរៀនបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញ របស់មុខវិជ្ជានីមួយៗ។

ជាការឆ្លើយតប ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាឌីជីថលផងដែរ។

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”