ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក JENS Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ កិច្ចពិភាក្សានេះមានគោលបំណងដើម្បីពង្រីកកិច្ចសហការធុរកិច្ចរបស់សភាពអឺរ៉ុបជាមួយវិស័យឯកជន និងសាធារណៈនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានរបស់លោក JENS Ruebbert ប្រធាន EU-ABC ដែលបានដឹកនាំគណៈប្រតិភូតំណាងក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប ជាពិសេសលើវិស័យ ប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ដែលមានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ ក៏ដូចជាការពង្រីកការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

លោក JENS RUEBBERT បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដែល បានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ជាតំណាងក្រុមហ៊ុនធំៗក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថ ហើយលោកសង្ឃឹមថា ស្ថាប័នទាំងពីរនេះនឹងមានកិច្ចសហការបន្តជាមួយគ្នានាពេលមុខបន្ថែមទៀត។ ក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Zuellig Pharma, ក្រុមហ៊ុន DHL និងតំណាងរបស់ Eurocham ប្រចាំនៅកម្ពុជា បានសាកសួរអំពីសកម្មភាពជាយុទ្ធសាស្ត្ររបស់ ក.ប.ទ. នៅក្នុងការគាំទ្រវិស័យឯកជនពាក់ព័ន្ធនឹងឌីជីថលូបនីយកម្មវិស័យសុខាភិបាល ការគាំទ្រដល់បរិវត្តកម្មឌីជីថលរបស់ SMEs ក្នុងស្រុក ក៏ដូចជាទិសដៅការងាររបស់ក្រសួងពាក់ព័ន្ធនឹងការប្រើប្រាស់ 5G។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែង ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលឌីជីថល ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការពង្រឹងគុណភាពសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ព្រមទាំងការរៀបចំផែនទីបង្ហាញផ្លូវលើបច្ចេកវិទ្យា 5G ដែលស្របតាមដំណាក់កាលអភិវឌ្ឍនៃវិស័យទូរគមនាគមន៍។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ លោក JENS RUEBBERT និងគណៈប្រតិភូដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងដំណើរទស្សនៈកិច្ចមកកម្ពុជាលើកនេះ ហើយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ គណៈប្រតិភូ EU-ABC និង Eurocham ប្រចាំនៅកម្ពុជា ជំរុញ និងពង្រឹងការវិនិយោគបន្ថែមផ្នែកប្រៃសណីយ៍និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា៕

អត្ថបទជាប់ទាក់ទង