ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងក្រុមការងារ ចូលពិភាក្សាការងារ នៅទីស្តីការក្រសួង។ កិច្ចពិភាក្សានេះ មានគោលបំណងពង្រឹងភាពជាដៃគូ និងយុទ្ធសាស្ត្រ សម្រាប់ពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍធនធានមនុស្សឌីជីថល។

ក្នុងជំនួបនេះ លោកស្រី Alissar Chaker បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបពិភាក្សាការងារជាមួយនាពេលនេះ។ ជាមួយគ្នានេះ លោកស្រីបានអបអរសាទរចំពោះសមិទ្ធផលនានា ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល ដែលប្រទេសកម្ពុជាសម្រេចបាន។ បន្ថែមលើនេះ លោកស្រីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីការប្តេជ្ញាចិត្តបន្តគាំទ្ររបស់ UNDP លើការជួយកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច និងជាពិសេសគាំទ្រដល់ការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណលោកស្រី Alissar Chaker ដែលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ តែងតែផ្តល់ជំនួយក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីវឌ្ឍនភាពរបស់ក្រសួង ក្នុងការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល ការរៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលឌីជីថល ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការប្រើប្រាស់ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនលោកស្រីតំណាង UNDP ប្រចាំនៅកម្ពុជា អំពីការងារអាទិភាពក្នុងការជំរុញបរិវត្តកម្មនៅតាមក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធ។

ជាកិច្ចបញ្ចប់ ឯកឧត្តមមន្ត្រីបានថ្លែងអំណរគុណចំពោះ លោកស្រី Alissar Chaker ចំពោះឆន្ទៈ និងការប្តេជ្ញារបស់លោកស្រី ក្នុងការរួមចំណែកអភិវឌ្ឍវិស័យឌីជីថល សេដ្ឋកិច្ចនិងសង្គមកម្ពុជា និងបានជូនពរឱ្យលោកស្រី និងក្រុមការងារទទួលបានជោគជ័យការងារបន្ថែមទៀត។

អត្ថបទជាប់ទាក់ទង