ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតឱ្យ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការងារសហប្រតិបត្តិការបច្ចុប្បន្ន និងការងារអាទិភាពរបស់ក្រសួងពាក់ព័ន្ធឹនងសន្តិសុខសាយប័រ ការគ្រប់គ្រងធនធានវិសាលគមន៍ហ្វេ្រកង់វិទ្យុស៍ និងខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ដែលភាគីអូស្ត្រាលីអាចចូលរួមសហការជាមួយក្រសួង។

ជាកិច្ចចាប់ផ្តើមឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងក្រុមការងារ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីកំណែទម្រង់របស់ក្រសួងនាពេលកន្លងមក និងសកម្មភាពអាទិភាពរបស់ក្រសួងដែលមានជាអាទិ៍៖ (១) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តអាទិភាព និងការតភ្ជាប់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ (២) ការបង្កើតហេដ្ឋារចនាសម្ព័ន្ធស្ថាប័នថ្នាក់ជាតិ (៣) ការរៀបចំគោលនយោបាយ (៤) ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តគាំទ្រនានា (៥) ការបង្កើតអង្គភាពបរិវត្តន៍កម្មឌីជីថល នៅតាមបណ្តាក្រសួងស្ថាប័នរដ្ឋ (៦) ការបង្កើតថ្នាល និងកម្មវិធីបច្ចេកវិទ្យានានា (៧) ការកលើកកម្ពស់វិស័យអប់រំឌីជីថលតាមរយៈការផ្តល់អាហារូបករណ៍ ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការតភ្ជាប់អ៊ីនធឺណិត ប្រព័ន្ធគ្រប់គ្រងសាលារៀន ការរៀបចំកម្មសិក្សាផ្នែកឌីជីថលជាដើម។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលធំៗរបស់ក្រសួងដែលសម្រេចបានក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបានសាកសួរបន្ថែមជុំវិញការងារ និងសមត្ថកិច្ចរបស់ក្រសួងពាក់ព័ន្ធនឹងការបោកប្រាស់តាមអនឡាញ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថាពាក់ព័ន្ធនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញនេះ ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ ដែលកន្លងមកក្រសួងទាំងពីរបានចេញប្រកាសរួមគ្នា ហើយ ក.ប.ទ. បានខិតខំគ្រប់គ្រង និងត្រួតពិនិត្យការចុះបញ្ជីលេខទូរសព្ទដែលជាប្រភពចម្បងអាចកំណត់អត្តសញ្ញាណឧក្រិដ្ឋជន ដែលក្នុងនេះ ក.ប.ទ. នឹងដាក់នូវប្រព័ន្ធចុះបញ្ជីលេខទូរសព្ទនាពេលខាងមុខ។

ជាចុងក្រោយឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញក្រុមហ៊ុនបច្ចេកវិទ្យាអូស្ត្រាលីមកបោះទុនវិនិយោគនៅប្រទេសកម្ពុជា និងបានស្នើសុំដល់រដ្ឋាភិបាលអូស្ត្រាលីផ្តល់ជំនួយលើការសាងសង់ និងបំពាក់សម្ភារៈបរិក្ខារសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅខេត្តណាមួយនៃប្រទេសកម្ពុជា។

អត្ថបទជាប់ទាក់ទង