ឯកឧត្តមរដ្ឋលេខាធិការ ឯក វណ្ណឌី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២៣

សៀមរាប៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាដើម្បីការជឿទុកចិត្ត (Together for Trust) ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត និងក្រុមហ៊ុនប្រតិបត្តិករប្រៃសណីយ៍ សាធារណជន និងសិស្សានុសិស្សយ៉ាងច្រេីនកុះករ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល វិស័យប្រៃសណីយ៍ត្រូវចូលរួមអនុវត្តឱ្យបានពេញលេញ រួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ការរៀបចំពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកថ្ងៃនេះ គឺដើម្បីរំលឹកខួបទី១៤៩ នៃថ្ងៃបង្កើតសហភាពប្រៃសណីយ៍សកល (UPU) នាថ្ងៃទី៩ ខែតុលា ឆ្នាំ១៨៧៤ និងឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់សេវាប្រៃសណីយ៍ចូលរួមបម្រើប្រជាជន សេដ្ឋកិច្ចសង្គមនៅទូទាំងពិភពលោក។ សម្រាប់ឆ្នាំ២០២៣ នេះ UPU បានដាក់ចេញនូវប្រធានបទ «រួមគ្នាដើម្បីការជឿទុកចិត្ត (Together for Trust)» ដែលមានអត្ថន័យជំរុញឱ្យប្រតិបត្តិករប្រៃសណីយ៍ និងភាគីពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនការជឿទុកចិត្តក្នុងវិស័យប្រៃសណីយ៍។

ដើម្បីចូលរួមអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំក្បួនដង្ហែរយានយន្តរបស់ប្រតិបត្តិករប្រៃសណីយ៍ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនលើវិស័យប្រៃសណីយ៍ និងកម្មវិធីជិះកង់សាមគ្គីដើម្បីប្រៃសណីយ៍ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជក និងនិយោជិត នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រៃសណីយ៍កម្ពុជា ក្រុមហ៊ុនបម្រើសេវាបញ្ញើឆាប់រហ័ស ក្រុមហ៊ុនដឹកបញ្ញើគោលដៅចុងក្រោយនៅខេត្តសៀមរាបផងដែរ។

អត្ថបទជាប់ទាក់ទង