ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ា វង្សវិចិត្រ បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤ របស់សហភាពប្រៃសណីយ៍សកល នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត
ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត៖ កាលពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤ របស់សហភាពប្រៃសណីយ៍សកល នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ មហាសន្និបាតវិសាមញ្ញនេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិក និងប្រតិបត្តិករប្រៃសណីយ៍ជាតិនិងឯកជន មកពី ១៩២ប្រទេស។
ក្នុងឱកាសមហាសន្និបាតវិសាមញ្ញនេះ ប្រធានបទសំខាន់មួយដែលត្រូវបានលើកយកពិភាក្សាគឺការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីដេីម្បីពង្រីកវិស័យប្រៃសណីយ៍កាន់តែទូលំទូលាយ (WPSPs) ដែល រួមមានក្រុមហ៊ុនឯកជន និងអង្គការដៃគូនៅខាងក្រៅបណ្តាញរបស់ UPU ជាពិសេសការប្រេីឌីជីថលជាជំនួយ ដើម្បីធានាបាននូវសេវាកម្មប្រកបដោយប្រសិទ្ធភាពជាសកល។
ទន្ទឹមនឹងនេះ ប្រទេសសមាជិកក៏បានពិនិត្យមើលវិធីសាស្រ្តក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុប្រៃសណីយ៍ ផងដែរ។ សំណើដែលបានលើកឡើង បានពិភាក្សាទៅលើការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដែលទាក់ទងនឹងការផ្លាស់ប្តូរទីផ្សារយ៉ាងឆាប់រហ័ស និងដើម្បីពង្រីកតួនាទីរបស់វិស័យប្រៃសណីយ៍ ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុសកល សម្រាប់មនុស្សជាងមួយពាន់លាននាក់ដែលមិនបានប្រើប្រាស់សេវាកម្មធនាគារ។
មហាសន្និបាតវិសាមញ្ញនេះ ក៏បានពិភាក្សាបន្ថែមដោយឈរលើមូលដ្ឋានសេចក្តីសម្រេចមហាសន្និបាតលើកទី២៧ នៅក្រុងអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ ឆ្នាំ២០២១ ដែលផ្តោតលើសកម្មភាពការការពារអាកាសធាតុក្នុងវិស័យប្រៃសណីយ៍។ ប្រទេសសមាជិកក៏បានពិនិត្យឡើងវិញនូវសំណើសម្រាប់គោលដៅអនុវត្តកាត់បន្ថយការបំភាយឧស្ម័នដោយស្ម័គ្រចិត្ត និងការប្តេជ្ញាលើការដាក់ចេញសកម្មភាពដោះស្រាយបញ្ហាអាកាសធាតុ គំនិតផ្តួចផ្តើមការកសាងសមត្ថភាព និងឱកាសក្នុងកិច្ចសហប្រតិបត្តិការជាមួយ WPSPs ដើម្បីរកដំណោះស្រាយ បញ្ហាអាកាសធាតុ។
ទន្ទឹមនឹងនេះ UPU ក៏បានបើកកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រឆ្នាំ២០២៣ នៅក្នុងឱកាសនៃមហាសន្និបាតនេះផងដែរ ដោយមានវត្តមានពីថ្នាក់ដឹកនាំជាន់ខ្ពស់ដូចជា៖ រដ្ឋមន្ត្រី ប្រធាននិយ័តករប្រៃសណីយ៍ និងនាយកប្រតិបត្តិប្រៃសណីយ៍ ដើម្បីពិភាក្សាអំពី “មនុស្ស គោលបំណង និងវឌ្ឍនភាព៖ ជំពូកថ្មីសម្រាប់វិស័យ ប្រៃសណីយ៍”។
ក្នុងឱកាសនោះដែរ គណៈប្រតិភូ ក.ប.ទ. ក៏បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូប្រទេសជប៉ុន ដែលដឹកនាំដោយ ឯកឧត្តម Takeuchi អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងគមនាគមន៍ប្រទេសជប៉ុន។ នៅក្នុងជំនួបនេះ ឯកឧត្តម ប៉ា វង្សវិចិត្រ និង ឯកឧត្តម Takeuchi បានសម្តែងសេចក្តីរីករាយចំពោះការចេញផ្សាយតែមប្រិ៍ប្រៃសណីយ៍រួមគ្នា ដើម្បីអបអរសាទរខួបលើកទី៧០នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន និងការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងការជួយអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។
អំពីសហភាពប្រៃសណីយ៍សកល (UPU)
សហភាពប្រៃសណីយ៍សកល ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧៤ បច្ចុប្បន្នមានសមាជិកចំនួន១៩២ប្រទេស។ សហភាពនេះបានដើរតួនាទីជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាង តួអង្គទាំងអស់ក្នុងវិស័យប្រៃសណីយ៍ ដោយធានានូវបណ្តាញសកលមួយសម្រាប់ផលិតផល និងសេវាប្រៃសណីយ៍ តាមរយៈការបំពេញមុខងារជាអ្នកប្រឹក្សាយោបល់ សម្របសម្រួល ទំនាក់ទំនង និងការផ្តល់ជំនួយបច្ចេកទេស។ សហភាពនេះក៏បានកំណត់បទប្បញ្ញត្តិនានា ដើម្បីផ្លាស់ប្តូរបញ្ញើ និងផ្តល់អនុសាសន៍សម្រាប់ជំរុញកំណើននៃបរិមាណបញ្ញើ និងសេវាប្រៃសណីយ៍ហិរញ្ញវត្ថុ ព្រមទាំង លើកកម្ពស់គុណភាពសេវាសម្រាប់អ្នកប្រើប្រាស់។