លោកជំទាវអនុរដ្ឋលេខាធិការ ទន សុគន្ធា បានអញ្ជើញប្រគល់កុំព្យូទ័រ ៥០គ្រឿង ជូនដល់សាលាភូមិន្ទរដ្ឋបាល យកទៅប្រើប្រាស់ក្នុងការងារបណ្តុះបណ្តាលដល់សិស្សមន្រ្តី និងកម្មសិក្សាការី លើជំនាញបច្ចេកវិទ្យាឌីជីថល

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល លោកជំទាវ ទន សុគន្ធា អនុរដ្ឋលេខាធិការនិងជានាយិកាខុទ្ទកាល័យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញប្រគល់កុំព្យូទ័រ៥០គ្រឿង ជូនសាលាភូមិន្ទរដ្ឋបាល តំណាងដោយឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល។

នៅក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កាលពីឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញផ្តល់បាឋកថាស្តីពី “កម្ពុជា៖ ដំណើរឆ្ពោះទៅរកការធ្វើបរិវត្តកម្មឌីជីថល” ជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យឃើញថាសាលាភូមិន្ទរដ្ឋបាលមានតម្រូវការក្នុងការបង្រៀនលើជំនាញបច្ចេកវិទ្យាឌីជីថល ហើយសម្រេចផ្តល់កុំព្យូទ័រ ៥០គ្រឿង។ លោកជំទាវអនុរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះសម្ភារៈ ដែលបានប្រគល់ជូននៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់សាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងជំរុញការងារបណ្តុះបណ្តាលដល់សិស្សមន្រ្តី និងកម្មសិក្សាការីលើជំនាញបច្ចេកវិទ្យាឌីជីថល។ លោកជំទាអនុរដ្ឋលេខាធិការ បានបន្ថែមថា ចំពោះកុំព្យូទ័រ ៥០គ្រឿងដែលបានប្រគល់ជូននៅពេលនេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការរៀនដែលមានភាពស្មុគស្មាញរបស់មុខវិជ្ជានីមួយៗ។

លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះសាលាភូមិន្ទរដ្ឋបាល ដែលបានរួមចំណែកយ៉ាងសកម្ម លើការលើកកម្ពស់ ពង្រឹងសមត្ថភាពដល់សិស្សមន្រ្តី និងកម្មសិក្សាការី ឱ្យមាន ចំណេះដឹង ចំណេះធ្វើ និងវិជ្ជាជីវៈយ៉ាងពិតប្រាកដដើម្បីបម្រើការងារក្នុងវិស័យសាធារណៈ និងជាធនធានមនុស្សសំខាន់ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប ឯកឧត្តមនាយករង បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជាសកម្មភាពដ៏ថ្លៃថ្លាដើម្បីជួយជំរុញ និងពង្រឹងដំណើរការបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស្របតាមការវិវត្តថ្មីៗរបស់សង្គមផ្អែកលើគោលនយោបាយនៃការអនុវត្តធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងការចូលរួមចំណែក កសាងរាជរដ្ឋាភិបាលឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល។

អត្ថបទជាប់ទាក់ទង

  • សេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១