ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតដែលកំពុងសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលកំពុងសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ (ជំនាន់ទី៧-៨-៩) សរុបប្រមាណ ៥៨៨នាក់ ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ​ ឯកឧត្ដមរដ្ឋមន្ត្រី បានអបអរសាទរជាថ្មី ចំពោះនិស្សិតពូកែទាំងអស់ដែលទទួលបានអាហារូបកណ៍សិក្សានៅ CADT។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ជាពិសេសការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូននិស្សិតអំពីវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ការធ្វើបរិវត្តកម្មឌីជីថលក្នុងក្រសួង-ស្ថាប័ន និងការកសាងពលរដ្ឋឌីជីថល ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ ការៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល ការបង្កើតថ្នាលឌីជីថលនានា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់និស្សិតដែលនឹងបញ្ចប់ការសិក្សានៅពេលខាងមុន ប្រឡងចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។

អត្ថបទជាប់ទាក់ទង