ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ អេមព្រីស អង្គរ ខេត្តសៀមរាប ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការរៀបចំ ការគ្រប់គ្រង និងការបែងចែកវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ប្រធានអង្គភាពនិងមន្ត្រីរាជការក្រោយឱវាទ ក.ប.ទ. ព្រមទាំងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង២៤ សរុបប្រមាណ ១២៧នាក់។

សិក្ខាសាលានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុនៃ ក.ប.ទ. សហការជាមួយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក.ប.ទ. ដែលអនុក្រឹត្យនេះ មានគោលដៅកំណត់អំពីគោលការណ៍ វិធាន និងសមត្ថកិច្ចនៃការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ និងបន្ទារហ្វ្រេកង់ស៍វិទ្យុសម្រាប់ផ្កាយរណបនិងគន្លងផ្កាយរណប ក្នុងគោលបំណងរៀបចំ បែងចែក និងប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុឱ្យមានប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព ដើម្បីពង្រឹងការគ្រប់គ្របនិងការប្រើប្រាស់ធនធានកម្ររបស់ជាតិ ការចូលរួមប្រកួតប្រជែងដោយស្មោះត្រង់និងស្របច្បាប់ និងការរួមចំណែកដល់ការកៀរគរចំណូលជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចែករំលែកពីបញ្ហាប្រឈម និងកិច្ចខំប្រឹងប្រែងរបស់ក្រសួងព្រមទាំងសារ:សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងគោលបំណងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ខ្លាំងក្លានៃតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាអ៊ីនធឺណិត ជាពិសេសអ៊ីនធឺណិតតាមទូរសព្ទចល័ត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា វិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុជាធនធានកម្ររបស់ជាតិមួយដែលត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងដើម្បីធ្វើយ៉ាងណាឱ្យការប្រើប្រាស់ធនធានកម្រមួយនេះមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ផ្តល់ចំណូលជាតិ និងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាអតិបរមា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ធនធានកម្ររបស់ជាតិនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលគាំទ្រយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការប្រើប្រាស់ធនធានដ៏មានសារៈសំខាន់នេះក្នុងការពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរសព្ទ និងអុីនធឺណិតល្បឿនលឿន គាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាយន្តការសំខាន់ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៃក្នុងព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីជំរុញការអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមន្ត្រីរបស់ក្រសួងទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធទាំងអស់យល់ច្បាស់ពីខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យនេះ។ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឈឹមថាគ្រប់តួអង្គពាក់ព័ន្ធបានយល់ក្នុងរូបភាពតែមួយអំពីខ្លឹមសារអនុក្រឹត្យ ងាយស្រួលត្រៀមខ្លួនចូលរួមអនុវត្តន៍និងសហការ អនុវត្តទទួលបានប្រសិទ្ធភាពខ្ពស់ជាអតិបរមា។

អត្ថបទជាប់ទាក់ទង