សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈក្នុងខេត្តតាកែវ

នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) នៅតាមវិទ្យាល័យសាធារណៈក្នុងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ក.ប.ទ. គណៈអភិបាលក្រុង-ស្រុកទូទាំងខេត្តតាកែវ តំណាងមន្ទីរ និងការិយាល័យអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ២០៦៨នាក់។

នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក.ប.ទ. បានជម្រាបជូនអំពីវត្ថុបំណងរបស់ ម.ប.ស. រួមមាន ការលើកកម្ពស់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ការលើកកម្ពស់អក្ខរកម្មឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថល។ ជាមួយគ្នានេះ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកទឹកចិត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមថែរក្សានិងប្រើប្រាស់មជ្ឈមណ្ឌលនេះ ឱ្យអស់សក្តានុពល។ ទន្ទឹមនឹងនេះ ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់ ក.ប.ទ. ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដែលបានបង្កើត ម.ប.ស. ដើម្បីរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្មនិងបំណិនឌីជីថល និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ ដែលផ្សារភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូរវាងរដ្ឋនិងសហគមន៍ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពស់ខ្ពស់ពីរាជរដ្ឋាភិបាល ក.ប.ទ. បានជ្រើសរើសវិទ្យាល័យនៅតាមក្រុង-ស្រុក ទូទាំងខេត្តតាកែវ ជាទីតាំងដំបូងសម្រាប់សាងសង់ ម.ប.ស.។ ម.ប.ស. មានមុខងារចម្បងចំនួន៤ គឺ (១) ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ ដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះបណ្តាលគ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ (២) ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ (៣) ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋនៅសហគមន៍ និង (៤) ផ្តល់បន្ទប់អ៊ីនធឺណិតកាហ្វេ (Internet Café) ជូនប្រជាជននៅសហគមន៍អាចចូលប្រើប្រាស់ ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅសហគមន៍នីមួយៗ។

ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមជឿជាក់ប្រកបដោយសុទិដ្ឋិនិយមថា នាពេលដាក់ឱ្យដំណើរការ ម.ប.ស. នឹងក្លាយជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ ទាន់ពេល និងចំគោលដៅ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថល ប្រកបដោយស្មារតីបុរេសកម្ម និងគំនិតបើកទូលាយចំពោះបេសកកម្មបរិវត្តកម្មរដ្ឋាភិបាលឌីជីថល សំដៅរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”