ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបសម្តែងការគួរសមជាមួយ បណ្ឌិត្យសភានគរបាលកម្ពុជា ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយ អនុប្រធាននៃបណ្ឌិត្យសភានគរបាលកម្ពុជា សរុបប្រមាណ ២០រូប។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ និងអនុប្រធាននៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពកំណែទម្រង់របស់ក្រសួងនាពេលកន្លងមក និងសកម្មភាពអាទិភាពរបស់ក្រសួងដែលមានជាអាទិ៍៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តអាទិភាព និងការតភ្ជាប់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្នុងគោលបំណងពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការដាក់ឱ្យប្រើប្រាស់ កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបជូនបន្ថែម អំពីការបង្កើតអង្គភាពបរិវត្តន៍កម្មឌីជីថល នៅតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ការបង្កើតថ្នាលនិងកម្មវិធីបច្ចេកវិទ្យានានា ការលើកកម្ពស់វិស័យអប់រំឌីជីថលតាមរយៈការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ការបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀន និងការរៀបចំកម្មសិក្សាផ្នែកឌីជីថលជាដើម។
ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ មានមោទនភាពក្នុងការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី លើវិស័យបច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ មានសង្ឈឹមថា វិស័យបច្ចេកវិទ្យាជាវិស័យសំខាន់ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង ស្ថាប័ន រដ្ឋ និងបានល្អប្រសើរ ជាពិសេស ក្នុងជួយលើកកម្ពស់វិស័យសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែមានការរីកចម្រើន។ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ក៏បានសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការជួយគាំទ្រលើការផ្តល់សេវាអ៊ីនធឺណិតជូនបណ្ឌិត្យសភានគរបាលកម្ពុជា និងជួយគាំទ្របណ្តុះបណ្តាលលើជំនាញផ្នែកបទល្មើសបច្ចេកវិទ្យា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពក្នុងការតភ្ជាប់សេវាអ៊ីនធឺណិតជូនបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងចូលរួមសហការក្នុងផ្តល់ជាវាគ្មិនក្នុងការបណ្តុះបណ្តាលជំនាញចាំបាច់ ព្រមទាំងបន្តកិច្ចសហការក្នុងគោលបំណងចូលរួមចំណែកការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ។
បណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រឹះស្ថានសិក្សាសាធារណៈតែមួយគត់ ក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការអភិវឌ្ឍធនធានមនុស្សលើវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈប្រកបដោយកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ។