ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដឹកនាំបេក្ខជនជ័យលាភីកម្មវិធីបញ្ញវន្តឌីជីថល ២០២៣ ទៅទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅសិង្ហបុរី

សិង្ហបុរី៖ ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ និងបេក្ខជនជ័យលាភីទាំង ៦រូប នៃកម្មវិធីបញ្ញវន្តឌីជីថល ២០២៣ទៅទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ដូចជា Google, Amazon Web Services (AWS), StartupX និង Meta ជាដើម នៅប្រទេសសិង្ហបុរី។

នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ក្រុមហ៊ុន Google, AWS, StartupX និង Meta បានចូលរួមអបអរដល់ជ័យលាភីបញ្ញវន្តឌីជីថលទាំង៦រូប និងបានធ្វើបទបង្ហាញអំពីផលិតផល សេវាកម្មនានា និងគន្លឹះសំខាន់ៗនៃភាពជោគជ័យនៃអាជីវកម្មរបស់ខ្លួន ជូនគណៈប្រតិភូក្រសួង និងបេក្ខជនជ័យលាភី។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង ឆ្លើយតបសំណួរយ៉ាងផុសផុល ជូនដល់បេក្ខជនជ័យលាភី និងបានផ្តល់ដំណើរទស្សនកិច្ចរួមគ្នានៅក្នុងការិយាល័យរបស់ក្រុមហ៊ុន ដើម្បីស្វែងយល់អំពីរបៀបរបបនិងវប្បធម៌ក្នុងការធ្វើការប្រកបដោយភាពរីករាយ ប្រសិទ្ធភាព និងផលិតភាព។

ក្នុងអំឡុងពេលនោះដែរ គណៈប្រតិភូក្រសួងក៏បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន នីមួយៗ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើការលើកកម្ពស់ជំនាញ និងអក្ខរកម្មឌីជីថលនៅកម្ពុជា សំដៅចូលរួមអភិវឌ្ឍមូលធនមនុស្សឌីជីថល ដែលជាអាទិភាពចម្បង ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ចនិងសង្គមឌីជីថល ជាពិសេសពលរដ្ឋឌីជីថល ដើម្បី ជម្រុញការធ្វើបរិវត្តិកម្មឌីជីថល ឆ្លើយតបទៅនឹងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស តំបន់ និងសកល។

តាមរយៈដំណើរទស្សនៈកិច្ចខាងលើ បានផ្តល់ឱកាសដល់សិស្សានុសិស្សជាជ័យលាភីទាំងអស់ បានរៀនសូត្រ យល់ដឹង និងដកបទពិសោធន៍អំពីបរិយាកាសធ្វើការ ការផ្តល់សេវាកម្ម កម្មវិធីបណ្ដុះបណ្តាល និងបច្ចេកវិទ្យាថ្មីៗរបស់ក្រុមហ៊ុនដែលកំពុងប្រើប្រាស់និងផ្តល់ជូនអតិថិជន និងបានជួបបង្ហាញអំពីចំណាប់អារម្មណ៍ សំណេះសំណាលជាមួយដំណាងក្រុមហ៊ុនដោយផ្ទាល់។ ជ័យលាភូទាំង៦រូបក៏បានធ្វើបទបង្ហាញខ្លីៗអំពីគំនិត និងផលិតផលគំរូរបស់ខ្លួន និងទទួលបានការកោតសរសើរពីតំណាងក្រុមហ៊ុនបច្ចេកវិទ្យានីមួយៗ ក្នុងការគិតឲ្យបានសុីជំរៅ និងភាពវ័យឆ្លាតក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការដោះស្រាយបញ្ហា។ ជារួម ដំណើរទស្សនៈកិច្ចនេះបានបង្កើនចំណេះដឹងបន្ថែម បំផុសគំនិតច្នៃប្រឌិត សហគ្រិនភាព និងលើកទឹកចិត្តដល់ប្អូនៗជ័យលាភីឱ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល សំដៅកសាងធនធានមនុស្សឌីជីថលនៅថ្ងៃអនាគត។

សូមជម្រាបជូនផងដែរថា “កម្មវិធីបញ្ញវន្តឌីជីថល(Digital Talent) ២០២៣” គឺជាកម្មវិធីលើកកម្ពស់ការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេស ការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងដុះខាត់សមត្ថភាព តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។ ជ័យលាភីនៅក្នុងកម្មវិធីបញ្ញវន្តឌីជីថល (Digital Talent) ទទួលបាន ដូចជា៖

– ជ័យលាភីលេខ ១ ទទួលបានប្រាក់រង្វាន់ចំនួន ១៥លានរៀល ពានរង្វាន់ជ័យលាភី មេដាយជ័យលាភីលេខ ១ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

– ជ័យលាភីលេខ ២ ទទួលបានប្រាក់រង្វាន់ចំនួន ១០លានរៀល មេដាយជ័យលាភីលេខ ២ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

– ជ័យលាភីលេខ ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៥លានរៀល មេដាយជ័យលាភីលេខ ៣ និងកុំព្យូទ័រយួរដៃ ១ គ្រឿង។

– បេក្ខជនដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ដល់ ៦ ក្នុងម្នាក់ៗទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០ម៉ឺនរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿង។

បន្ថែមពីលើរង្វាន់ជាទឹកប្រាក់និងកុំព្យូទ័រយួរដៃ ចំពោះចំណាត់ថ្នាក់លេខ ១ ដល់លេខ ៦ ដែលជាបេក្ខជនជាប់មកដល់វគ្គផ្តាច់ព្រ័ត្រនឹងទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល រួមទាំងដំណើរទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗដូចជា Google, Amazon Web Services, Startup X និង Meta ជាដើម នៅប្រទេសសិង្ហបុរី នាពេលនេះ។

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”