លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ ការលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ ” នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ លី ហួត ខេត្តព្រះវិហារ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ ការលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហឹង្សាលើស្ត្រីនិងកុមារតាមប្រព័ន្ធអនឡាញ ” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកស្រី ប៉ាង រ៉ាវី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានមន្ទីរកិច្ចការនារីខេត្តព្រះវិហារ លោក លោកស្រី មន្ត្រីរាជការនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល ព្រមទាំងសាខាប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ និងសាខាប្រតិបត្តិករផ្ដល់សេវាអុីនធឺណិត សរុបប្រមាណ ៩០រូប។

សិក្ខាសាលានេះមានគោលបំណងចែករំលែកចំណេះដឹងជូនសិក្ខាកាម ជាមន្ត្រីរាជការមកពីមន្ទីរ ប.ទ.ខេត្ត អង្គភាពពាក់ព័ន្ធក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ ដោយផ្តោតលើប្រធានបទ៖ ការផ្សព្វផ្សាយអនុសាសន៍១២ ចំណុច របស់ សម្តេចអគ្គមហាសេនាធីបតីតេជោ ហ៊ុន សែន និងអនុសាសន៍ ៦ចំណុចរបស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ, ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ស្ត្រីក្នុងភាពជាអ្នកដឹកនាំ, ការទប់ស្កាត់អំពើហឹង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ, និងការជំរុញសកម្មភាពស្ត្រីក្នុងការចាប់យកជំនាញឌីជីថល។

នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានមានប្រសាសន៍ថា ការផ្តល់ឱកាសនិងការជំរុញភាពអង់អាចដល់ស្ត្រី គឺជាយន្តការសំខាន់ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់គុណភាពជីវិត និងឈានទៅសម្រេចឱ្យបានចំណាត់ថ្នាក់ ជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ស្របជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើង នូវ សិទ្ធិ ឋានៈ តួនាទី និងជីវភាពរស់នៅរបស់មន្ត្រីរាជការនារី នៅក្នុងអង្គភាពរបស់ខ្លួនតាមរយៈ៖ ១).បន្តលើកកម្ពស់សមធម៌យេនឌ័រ ជំរុញភាពអង់អាចរបស់ស្ត្រីក្នុងសេដ្ឋកិច្ច ក្នុងការបណ្តុះបណ្តាលបំពាក់បំប៉នជំនាញបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពរបស់ស្ត្រីក្នុងការផ្តល់ឱកាសដល់ស្ត្រីឱ្យទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗបន្ថែមទៀត និង ២).បន្តបង្កើនសមាមាត្រការចូលរួមរបស់ស្ត្រីឱ្យបានកាន់តែច្រើនឡើង តាមរយៈការលើកកម្ពស់សិទ្ធិ និងឋានៈ របស់ស្ដ្រី ក្នុងគ្រប់ថ្នាក់ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែសកម្មក្នុងការធ្វើសេចក្តីសម្រេចនានា។

ឆ្លៀតឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងដែលតែងតែឧបត្ថម្ភគាំទ្រក្នុងការលើកកម្ពស់សមភាពយេនឌ័រ ហើយលោកជំទាវក៏បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចំណាយពេលក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗជូនសិក្ខាកាម និងមានសង្ឈឹមថា សិក្ខាកាមទាំងអស់ នឹងបានយល់ដឹងបន្ថែមនូវចំណុចសំខាន់ៗក្នុងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងបន្តផ្សព្វផ្សាយនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គមជាតិយើងអោយកាន់តែរីកចម្រើនថែមទៀត។

អត្ថបទជាប់ទាក់ទង