ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូកងខេត្តតាកែវ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងសហការី បានចុះជួបសំណេះសំណាលជាមួយកីឡាករទូកងខេត្តតាកែវ នៅកំពង់ផែភ្នំពេញ រាជធានីភ្នំពេញ។

នៅក្នុងពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់កីឡាករចំណុះទូកទាំងអស់ឱ្យខិតខំប្រឹងប្រែង រួមគ្នាជាក្រុមប្រកបដោយសាមគ្គីភាព យកជ័យជម្នះដើម្បីមុខមាត់ខេត្តតាកែវ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរឱ្យកីឡាករទាំងអស់ត្រូវទទួលទានអារហារឱ្យបានគ្រប់គ្រាន់ រក្សាអនាម័យ គោរពវិន័យជាអ្នកកីឡាករ ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ បាននាំយកអំណោយជូនដល់កីឡាករទូក ដើម្បីលើកទឹកចិត្ត រួមមាន៖ អង្ករ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកា ផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ខេត្តតាកែវ មានកីឡាករទូក និងមានទូកចំនួន៥ ចូលរួមប្រកួតគឺ

-ទូកង ធ្នូសរ ជា ច័ន្ទ សុខ សែនជ័យ បារមីវត្តព្រៃស្វា

-ទូកង គិរីវង់សុខសែនជ័យ

-ទូកង សម្តេចវិបុលបញ្ញា បារមីមានជ័យ

-ទូកង​ ស្រីស​ សុខសែនជ័យ

-ទូកង​ តាកែវទ្រាំង សុខសែនជ័យ។

អត្ថបទជាប់ទាក់ទង