សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

នារសៀលថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ក.ដ.ន.ស.) ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.ដ.ន.ស. និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងទាំងពីរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ដ.ន.ស. និង ក.ប.ទ. ជាច្រើនរូប។

អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ៤ សំខាន់ គឺ ១) ដាក់ឱ្យ ប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសាររបស់ ក.ដ.ន.ស. ដែលមានដាក់បញ្ចូល QR Code ស្តង់ដា ២) រៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ដាក់ឱ្យដំណើរការក្នុង ក.ដ.ន.ស. ៣) រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុង ក.ដ.ន.ស. និង ៤) សហការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលដើម្បីចូលរួមអភិវឌ្ឍវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ កិច្ចសហប្រតិបត្តិការនៃការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នៅលើឯកសាររបស់ ក.ដ.ន.ស. នាថ្ងៃនេះ គឺជាជំហានថ្មីមួយទៀតដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រជាពលរដ្ឋ តាមរយៈការកសាងរដ្ឋាភិបាលឌីជីថល សំដៅធានាដល់ការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងទាំងពីរនេះដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.ដ.ន.ស. និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. ក៏បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “ថ្នាលកម្ពុជាមាតុភូមិខ្ញុំ (cmhl.gov.kh)” ដែលអាចចាត់ទុកបានថាជា ផែនទីជាតិឌីជីថល ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.ដ.ន.ស. និងដោយមានការគាំទ្របច្ចេកទេសពី ក.ប.ទ.។ ថ្នាលកម្ពុជាមាតុភូមិខ្ញុំ នឹងអនុញ្ញាតឱ្យក្រសួង ស្ថាប័នទាំងអស់ អាចយកទៅប្រើប្រាស់ និងដាក់បញ្ចូលព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងទីតាំងភូមិសាស្រ្ត និងព័ត៌មាននានា ទៅតាមវិស័យរបស់ក្រសួង ស្ថាប័ននីមួយៗ ហើយព័ត៌មានទាំងអស់ដែលមាននៅលើផែនទីជាតិឌីជីថលនេះ នឹងអាចយកមកប្រើប្រាស់ក្នុងការវិភាគនិងការសិក្សារៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ព្រមទាំងអាចប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនានាផងដែរ។ ជាឧទាហរណ៍ នៅក្នុងវិស័យទូរគមនាគមន៍ គឺ ក.ប.ទ. អាចបញ្ចូលទិន្នន័យស្ថានីយអង់តែនទូរគមនាគមន៍ទៅក្នុង ថ្នាលកម្ពុជាមាតុភូមិខ្ញុំ ហើយយើងអាចដឹងថា នៅក្នុងឃុំ ស្រុក ឬខេត្តនីមួយៗ មានស្ថានីយអង់តែនទូរគមនាគមន៍ ចំនួនប៉ុន្មាន និងមានទីតាំងនៅកន្លែងណាខ្លះ។

ទន្ទឹមនឹងនេះដែរ ក្រុមការងារបច្ចេកទេសនៃ ក.ដ.ន.ស. និង ក.ប.ទ. បាននិងកំពុងសហការគ្នារៀបចំដាក់បញ្ចូល QR Code ស្តង់ដា នៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលអាចអនុញ្ញាតឱ្យធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មាននៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាចមើលឃើញអំពីទីតាំងក្បាលដីនោះនៅលើ ថ្នាលកម្ពុជាមាតុភូមិខ្ញុំ។

ក.ដ.ន.ស. និង ក.ប.ទ. មានជំនឿយ៉ាងមុតមាំថា ថ្នាលកម្ពុជាមាតុភូមិខ្ញុំ នឹងជួយឱ្យប្រជាពលរដ្ឋនិងធុរជន ទទួលបានព័ត៌មានពាក់ព័ន្ធនឹងទីតាំងភូមិសាស្រ្ត និងព័ត៌មានតាមវិស័យនានា បានគ្រប់ជ្រុងជ្រោយប្រកបដោយភាពងាយស្រួល និងភាពជឿទុកចិត្តបាន ហើយគ្រប់ក្រសួង ស្ថាប័ន ក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រងព័ត៌មាននានាដែលពាក់ព័ន្ធនឹងវិស័យរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើ ថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។

អត្ថបទជាប់ទាក់ទង