ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញផ្តល់បាឋកថាលើប្រធានបទស្តីពី “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍សេវាសាធារណៈរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” ជូនសិក្ខាកាមជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញផ្តល់បាឋកថាស្តីពី “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍សេវាសាធារណៈរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” ជូនសិក្ខាកាមជាន់ខ្ពស់ វគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ជំនាន់ទី៥ នៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ព្រមទាំងសិក្ខាកាមមកពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបប្រមាណ ១០៣រូប។

នៅក្នុងឱកាសនោះ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាប្រធានដឹកនាំសិក្ខាកាម បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ការអនុញ្ញាតនិងទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចសិក្សារបស់សិក្ខាកាមជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងការផ្តល់ឱកាសក្នុងការចែករំលែកបទពិសោធដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមចំណែករបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការផ្តល់បាឋកថានាពេលនេះ ដែលជាសកម្មភាពដ៏ថ្លៃថ្លាក្នុងការជួយជំរុញនិងពង្រឹងនៃដំណើរការវគ្គបណ្តុះបណ្តាលស្តីពី វគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ជំនាន់ទី៥ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ប្រកបដោយឧត្តមប្រយោជន៍ជូនជាតិមាតុភូមិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនសិក្ខាកាមជាន់ខ្ពស់ អំពីវឌ្ឍនភាពការងាររបស់ក្រសួង ក្នុងការកំណែទម្រង់ផ្ទៃក្នុង ការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ក្នុងការធ្វើទំនើបកម្ម ដើម្បីជំរុញវិស័យប្រៃសណីយ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍវិស័យទូរគមនាគមន៍ ដើម្បីផ្តល់ជូនសេវាទូរគមនាគមន៍ និងអុីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការដាក់ឱ្យប្រើកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត “ MPTC Speed Test ” ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអុីនធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីការកសាងពលរដ្ឋឌីជីថល ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍ ការៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល ការជំរុញការចាប់យកឌីជីថល ការបង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល ការបង្កើតថ្នាលឌីជីថលនានា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីការធ្វើបរិវត្តកម្មឌីជីថល ក្នុងក្រសួង-ស្ថាប័ន ការបង្កេីតអង្គភាពបរិវត្តកម្មឌីជីថល ការរៀបចំតភ្ជាប់បណ្តាញរាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឧបករណ៍និងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ការរៀបចំផែនការអភិវឌ្ឍឌីជីថលក្នុងក្រសួងនីមួយៗ និងការរៀបចំផែនការសកម្មភាពជាដើម។

ស្របជាមួយគ្នានេះ សិក្ខាកាមជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល បានធ្វើដំណើរទស្សនកិច្ចសិក្សានៅនិយ័តករទូរគមនាគមន៍ និងប្រៃសណីយ៍កម្ពុជា ពាក់ព័ន្ធនឹងដំណើរការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”