ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកម្មវិធីសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមលើកទី២ និងសន្និសីទអាស៊ានលើកទី៤
ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយនិងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមលើកទី២ (The 2nd Vietnam International Digital Week) និងសន្និសីទអាស៊ានលើកទី៤ ស្តីពី 5G (The 4th ASEAN Conference on 5G) ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននិងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម។
កម្មវិធីសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមលើកទី២ ផ្ដោតសំខាន់លេី (1)កិច្ចពិភាក្សាតុមូលគោលនយោបាយ (Policy Roundtable) ក្រោមប្រធានបទការអភិវឌ្ឍន៍កម្មវិធី Narrow AI Application (២)សន្និសីទអាស៊ានលើកទី៤ ស្តីពី 5G (៣)សន្និសីទលើកទី២ ស្តីពីការបញ្ចុះថ្លៃសេវារ៉ូមីងចល័តអន្តរជាតិ (International Mobile Roaming Charging) នៅក្នុងអាស៊ាន (៤)សិក្ខាសាលាថ្នាក់តំបន់ ស្តីពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ICT ប្រកបដោយសុវត្ថិភាពនិងបរិយាបន្ន។ ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការអន្តរជាតិ អ្នកស្រាវជ្រាវគោលនយោបាយ និងធុរកិច្ចមកពីបណ្តាប្រទេសអាស៊ាន សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងសាធារណរដ្ឋកូរ៉េ។
នៅក្នុងកិច្ចពិភាក្សាតុមូលគោលនយោបាយ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានថ្លែងសន្ទរកថាអន្តរាគមន៍ទាក់ទងនិងប្រធានបទការអភិវឌ្ឍកម្មវិធី Narrow AI Application និង បានដឹកនាំគណៈប្រតិភូ ក.ប.ទ. ជួបប្រជុំពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូប្រទេសវៀតណាម ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត Phan Tam អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងគមនាគមន៍ ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។