សន្និសីទសារព័ត៌មាន ស្តីពី វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ
នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល បានអញ្ជើញជាអធិបតីក្នុង សន្និសីទសារព័ត៌មាន ស្តីពី វេទិការដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងសមាជិកគណៈកម្មការរៀបចំវេទិការដ្ឋាភិបាលឌីជីថល និងអង្គភាពសារព័ត៌មានជាច្រើនផងដែរ។
វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល” និង “ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា។ វេទិការដ្ឋាភិបាលឌីជីថលដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការរៀបចំកិច្ចពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ និន្នាការនៃការរីកចម្រើន របស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធនិងឧត្តមានុវត្តន៍នៃការជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
ជាមួយគ្នានេះ ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ក៏នឹងត្រូវបានរៀបចំឡើង ដើម្បីបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យា គុណប្រយោជន៍ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នរដ្ឋ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល ដែលអភិវឌ្ឍដោយក្រសួង ស្ថាប័ន របស់រដ្ឋាភិបាល សេវាកម្មទូរសព្ទនិងអ៊ីនធឺណិត សេវាប្រៃសណីយ៍ សេវាហ្វិនតិច (Fintech) និងសេវាធុរកិច្ចថ្មីឌីជីថល (Digital Startups) ជាដើម។ សាធារណជនក៏មានឱកាសក្នុងការប្រើប្រាស់សាកល្បង ឧបករណ៍បច្ចេកវិទ្យាទំនើបៗនិងចុងក្រោយដោយក្រុមហ៊ុនជាតិ និងអន្តរជាតិល្បីៗមកពីបណ្តាប្រទេសក្នុងតំបន់ព្រមទាំងការផ្តល់សេវាផ្នែកបច្ចេកវិទ្យាឌីជីថលពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗទាំងជាតិនិងអន្តរជាតិ។
ក្នុងឱកាសសន្និសីទសារព័ត៌មាននេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមទីភ្នាក់ងារនានារបស់រដ្ឋាភិបាល ចែករំលែកឧត្តមានុវត្តន៍ក្នុងបរិវត្តកម្មឌីជីថល កំណត់នូវបញ្ហាប្រឈមក្នុងការអនុវត្តដំណោះស្រាយឌីជីថល លើកកម្ពស់សេវាកម្មដែលផ្ដោតលើពលរដ្ឋជាគោល និងគោលនយោបាយជំរុញលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សុវត្ថិភាពសាយប័រ និងឯកជនភាពទិន្នន័យនៅក្នុងវិស័យសាធារណៈ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា វេទិកានេះ មានគោលបំណងស្វែងរកបច្ចេកវិទ្យាដែលកំពុងលេចធ្លោ លើកទឹកចិត្តដល់នវានុវត្តន៍ និងសម្របសម្រួលបណ្តាញទំនាក់ទំនងរវាងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល ព្រមទាំងកៀរគរភាគីពាក់ព័ន្ធក្នុងស្រុកនិងអន្តរជាតិនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនិងការចុះឈ្មោះចូលរួម សូមចូលទៅកាន់គេហទំព័រ www.dgf.gov.kh ។
វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដូចនេះ សូមសាធារណជន មេត្តាជ្រាបនិងចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឱ្យបានច្រើនកុះករ។