សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

នាព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌” ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំងពីរ ប្រមាណ ៥០ រូប។

អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ៤ សំខាន់ គឺ (១)-ដាក់ឱ្យប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារនានាក្នុងវិស័យយុត្តិធម៌ (២)-ដាក់ឱ្យប្រើប្រាស់ថ្នាលឬសេវារដ្ឋាភិបាលឌីជីថល (Digital Government Products/DGPs) ក្នុងក្រសួងយុត្តិធម៌ (៣)-រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងក្រសួងយុត្តិធម៌ និង (៤)-រៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្ត្រីរាជការក្រសួងយុត្តិធម៌។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលសម្រេចបាននូវសមិទ្ធផលការងារជាអាទិភាពជាច្រើននៅក្នុងវិស័យឌីជីថល ជាពិសេស ការបង្កើតឱ្យមាននូវថ្នាល និងសេវារដ្ឋាភិបាលឌីជីថលថ្មីៗ សម្រាប់បម្រើឱ្យសេចក្តីត្រូវការជាក់ស្តែងក្នុងវិស័យសាធារណៈ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរចំពោះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលទើបទទួលបានមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ។ ការទទួលបាននូវមេដាយមាសនេះ មិនត្រឹមតែជាការទទួលស្គាល់អំពីសមត្ថភាព និងទេពកោសល្យរបស់កូនខ្មែរនៅក្នុងវិស័យឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាមោទនភាពថ្មីមួយរបស់កម្ពុជាក្នុងវិស័យឌីជីថលនៅក្នុងឆាកតំបន់ផងដែរ។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់នាថ្ងៃនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មវិស័យយុត្តិធម៌ដោយប្រើប្រាស់បច្ចេកវិទ្យា សំដៅម្យ៉ាង ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារក្នុងវិស័យយុត្តិធម៌ ក៏ដូចជា ការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងទិន្នន័យ និងម្យ៉ាងទៀត ដើម្បីអភិវឌ្ឍខ្លួនឱ្យទាន់ដំណើរវិវត្តឈានឡើងជាលំដាប់ដ៏ឆាប់រហ័សនៃវិស័យបច្ចេកវិទ្យាក្នុងសង្គមសម័យទំនើបបច្ចុប្បន្ន។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានលើកឡើងផងដែរថា ការចុះហត្ថលេខាលើអនុស្សរណៈរវាងក្រសួងទាំងពីរនាថ្ងៃនេះ គឺនឹងជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌ ក៏ដូចជាការបង្កើនជំនឿទុកចិត្តនិងភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវទទួលសេវាសាធារណៈក្រោមសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ តាមរយៈការប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្ទៀងផ្ទាត់ឯកសារនានារបស់ក្រសួងយុត្តិធម៌ ព្រមទាំងចូលរួមជួយពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការក្រសួងយុត្តិធម៌លើជំនាញឌីជីថលចាំបាច់ សម្រាប់ជួយដល់ការបំពេញការងារប្រចាំថ្ងៃ ឱ្យកាន់តែមានផលិតភាពនិងប្រសិទ្ធភាព ដើម្បីសម្រេចបាននូវជោគជ័យក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដារលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាប។

អត្ថបទជាប់ទាក់ទង