សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការដាក់ឱ្យប្រើថ្នាល ឬសេវា រដ្ឋាភិបាលឌីជីថល (DGPs)» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងស្ថាប័នទាំងពីរ ប្រមាណ ៤០០ រូប។

អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណងជំរុញការធ្វើបរិវត្តកម្មលើរំហូរការងារផ្ទៃក្នុងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាឃ្នាស់ (Digital Enabler) ព្រមទាំងការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាលឬសេវារដ្ឋាភិបាលឌីជីថល (DGPs) ថ្មីៗ ដែលអភិវឌ្ឍដោយ ក.ប.ទ. ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាលដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដាលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ជាពិសេស នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ ឆ្នាំ២០២៤ នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ទើបតែទទួលបាន មេដាយមាស (Gold Medal) កម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Award 2024) ដោយយកឈ្នះលើថ្នាលឌីជីថលរបស់ប្រទេសថៃ និងប្រទេសសិង្ហបុរី។

ក្នុងពិធីនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈរវាងស្ថាប័នទាំងពីរនាថ្ងៃនេះ នឹងអនុញ្ញាតឱ្យ ក.ប.ទ. ជួយគាំទ្រលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្ម រដ្ឋាភិបាលឌីជីថលផ្ទៃក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបង្កើនភាពឆាប់រហ័សនិងប្រសិទ្ធភាពនៃរំហូរការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការងារទូទៅ ការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តឱ្យបានកាន់តែទូលំទូលាយ និងផ្តល់ភាពងាយស្រួលដល់អ្នកស្រាវជ្រាវនិងសាធារណជនក្នុងការស្វែងរកឯកសារ ជាពិសេស គឺការចូលរួមអនុវត្តអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី មានប្រសាសន៍គូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជានិមិត្តរូបបង្ហាញពីការប្តេជ្ញារួមសហការរវាងក្រសួង-ស្ថាប័នទាំងពីរ ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រី និងការរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ដែលជាទិសដៅយុទ្ធសាស្ត្រ និងជារបៀបវារៈគោលនយោបាយដ៏សំខាន់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ បច្ចុប្បន្ននេះ សក្តានុពលនៃបច្ចេកវិទ្យា បានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងត្រូវបានចាត់ទុកជាឧបករណ៍ស្នូលសម្រាប់ ការដោះស្រាយបញ្ហានានា ជាពិសេសពាក់ព័ន្ធនឹងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងការលើកកម្ពស់ភាពធន់ ចីរភាព និងបរិយាបន្នក្នុងសង្គម។ ដូចគ្នានេះដែរ សង្គម-សេដ្ឋកិច្ចកម្ពុជា អាចទាញយកប្រយោជន៍ជាច្រើនថែមទៀតពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗទាំងនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានសហការនិងខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលនេះ ដែលជាការរួបរួមគ្នាយ៉ាងមោះមុត រវាងក្រសួងស្ថាប័នទាំងពីរក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រីនិងរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់នូវការវាយតម្លៃខ្ពស់និងការកោតសរសើរអស់ពីដួងចិត្តចំពោះសមត្ថភាព ដឹកនាំ ភាពឈ្លាសវៃ ឆន្ទៈស្នេហាជាតិ និងស្មារតីសហប្រតិបត្តិការរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. ក្នុងការបំពេញបេសកកម្មជូនរាជរដ្ឋាភិបាល និងក្នុងការបម្រើប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី មិនរារែកក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឡើយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងដើម្បីគាំទ្រដល់តម្រូវការរបស់រាជរដ្ឋាភិបាលនិងសង្គមកម្ពុជា ដែលកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័សនេះ។

ក្នុងឱកាសនៃពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះដែរ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. ក៏បានប្រគល់នូវកុំព្យូទ័រមួយចំនួនជូនដល់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដើម្បីគាំទ្រដល់គម្រោងកម្មវិធីជំរុញបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី៕

អត្ថបទជាប់ទាក់ទង