ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតលើការងារអាទិភាពសំខាន់ៗដែលក្រសួងទាំងពីរអាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនៃជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលមានខ្លឹមសារផ្តោតលើកិច្ចសហប្រតិបត្តិការលើការងារបរិវត្តកម្មឌីជីថល។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជួយរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ និងជួយរៀបចំគាំទ្រខាងផ្នែកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផងដែរ។

អត្ថបទជាប់ទាក់ទង