ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.)

ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.) នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការចូលរួមជាអធិបតីពី លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា និងលោកស្រី Camilla Ottosson អគ្គទីប្រឹក្សានិងប្រធានស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមជាតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មាន មានចំនួនសរុប ប្រមាណជាង ៣៨០នាក់។

ការរៀបចំក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. គឺជាការអនុវត្តវិធានការគន្លឹះស្របតាមការចង្អុលបង្ហាញនៃក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលក្នុងនោះពលរដ្ឋកម្ពុជាគ្រប់រូបត្រូវក្លាយខ្លួនជា “ពលរដ្ឋឌីជីថល” ជាសសរស្តម្ភសំខាន់ទ្រទ្រង់ដំណើរការបរិវត្តកម្មឌីជីថលគ្រប់ផ្នែក និងដើម្បីចាប់យកប្រយោជន៍ពេញលេញពីការវិវត្តរបស់បច្ចេកវិទ្យា។ ការរៀបចំក្របខណ្ឌនេះធ្វើឡើងក្នុងគោលបំណង 1.) ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ស្តីពីសមត្ថភាពពលរដ្ឋឌីជីថលកម្ពុជា ២.) ជំរុញការលើកកម្ពស់ អ.ឌ.ប.ព. ប្រកបប្រសិទ្ធភាព និងសង្កតិភាពចំពោះគ្នាទៅវិញទៅមក ៣.) ផ្តល់មូលដ្ឋានសម្រាប់រៀបចំកម្មវិធីសិក្សាសមស្របតាមតម្រូវការនិងស្ថានភាពជាក់ស្តែង និងសម្រាប់ការវាយតម្លៃកម្រិតសមត្ថភាព អ.ឌ.ប.ព នៅកម្ពុជា។ ក្របខណ្ឌអ.ឌ.ប.ព បានកំណត់ថាពលរដ្ឋឌីជីថលនៅកម្ពុជាគួរមានសមត្ថភាពអ.ឌ.ប.ព ៨ផ្នែក និងមានចំណេះដឹង ឥរិយាបថមួយចំនួនស្របតាមផ្នែកទាំង៨នេះ ទើបគេអាចប្រើប្រាស់បច្ចេកវិទ្យាបានច្បាស់លាស់ ប្រកបដោយការត្រិះរិះពិចារណា មានការទទួលខុសត្រូវ មានប្រសិទ្ធិភាព និងសុវត្ថិភាព។

នៅក្នុងឱកាសនេះ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាបានប្តេជ្ញាចិត្តនឹងបន្តធ្វើការជាមួយដៃគូរពាក់ព័ន្ធទាំងអស់នៅក្នុងយុទ្ធនាការថ្នាក់ជាតិ និងការបណ្តុះបណ្តាលសមត្ថភាព រួមទាំងការសាកល្បងវិធីសាស្រ្តវាយតម្លៃក្រមសីលធម៌បញ្ញាសិប្បនិម្មិតដែរ។” ជាមួយគ្នានេះ លោកស្រី Camilla Ottosson អគ្គទីប្រឹក្សានិងប្រធានស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា “ដំណើរការរៀបចំក្របខណ្ឌ អ.ឌ.ប.ព នេះ បានគិតគូរពីបញ្ហាបរិយាបន្ន និងសិទ្ធមនុស្ស បានធានាថា ប្រជាពលរដ្ឋគ្រប់រូប មាននូវជំនាញនិងចំណេះដឹងប្រកបដោយប្រសិទ្ធិភាព និងការត្រិះរិះពិចារណានៅពេលគេប្រើប្រាស់់បច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយ។”

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានមានប្រសាសន៍ថា ក្របខណ្ឌសមត្ថភាពនេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការយូណេស្កូ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍនិងលើកកម្ពស់សមត្ថភាពពលរដ្ឋឌីជីថល ស្របតាមគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមប្រើប្រាស់ក្របខណ្ឌសមត្ថភាពនេះ សម្រាប់ការអនុវត្តសកម្មភាព ឬកម្មវិធីទាំងឡាយក្នុងគោលដៅលើកកម្ពស់អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅកម្ពុជា ដើម្បីធានាសង្គតិភាពចំពោះគ្នាទៅវិញទៅមក និងអាចវាស់វែងបាន ហើយ ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឈឹមយ៉ាងមុតមាំថា ការខិតខំប្រឹងប្រែង និងកិច្ចសហការរួមគ្នាចំពោះកិច្ចការនេះ នឹងជួយជំរុញការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយភាពជោគជ័យ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅកសាងកម្ពុជាជាសង្គមសេដ្ឋកិច្ចឌីជីថលដ៏រស់រវើកមួយក្នុងឆ្នាំ២០៣៥។

រាជធានីភ្នំពេញ | ថ្ងៃទី២៧ មិថុនា ២០២៤

អត្ថបទជាប់ទាក់ទង