ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

តបតាមការអញ្ជើញរបស់ ឯកឧត្តម Boviengkham Vongdara រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យានិងគមនាគមន៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បាននាំយកនូវកុំព្យូរទ័រចំនួន៣០០ គ្រឿង ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយ ក.ប.ទ. បាននិងកំពុងសិក្សាលើការផ្ទេរថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ជូនដល់ភាគីឡាវ (verify.gov.la) ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍។

បន្ថែមលើនេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃ ក.ប.ទ. បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃក្រសួងបច្ចេកវិទ្យានិងគមនាគមន៍ ហើយឆ្លៀតក្នុងឱកាស នោះផងដែរ ក.ប.ទ. បានសម្រេចផ្តល់អាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ចំនួន ១០កន្លែង ដើម្បីជួយបណ្តុះបណ្តាល ពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថល រវាងក្រសួងទាំងពីរ។

ទីក្រុងវៀងច័ន្ទន៍ | ថ្ងៃទី២៦-២៨ កក្កដា ២០២៤

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង