ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកម្មវិធី Japanese IT Academic Pathway រវាង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកម្មវិធី Japanese IT Academic Pathway រវាង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី(UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងបច្ចុប្បន្នជាប្រធានសមាគមជប៉ុន-កម្ពុជាថ្នាក់ដឹកនាំ ក.ប.ទ. ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា សាស្ត្រាចារ្យ និងនិស្សិតនៅ AUPP។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ AUPP ឱ្យរៀនបន្ថែមភាសាជប៉ុននិងការអនុវត្តជំនាញឌីជីថលជាក់ស្តែងនៅជប៉ុន ហើយនៅពេលបញ្ចប់ការសិក្សា គឺនិស្សិតអាចទៅធ្វើការនៅប្រទេសជប៉ុន ដោយទទួលបានប្រាក់បៀវត្សខ្ពស់និងបទពិសោធល្អ ស្របពេលដែលជប៉ុនមានតម្រូវការធនធានមនុស្សជំនាញឌីជីថលប្រមាណ ៧០ ម៉ឺននាក់ រហូតដល់ឆ្នាំ២០៣០។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ក្នុងជំហានដំបូងនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយជំរុញនិងគាំទ្រយ៉ាងពេញទំហឹង ធ្វើយ៉ាងណាឱ្យកម្មវិធីនេះអាចដំណើរការទៅបានដោយជោគជ័យ និងមានភាពរលូន រួមចំណែកបង្កើនមូលធនមនុស្សឌីជីថលកម្ពុជា និងលើកកម្ពស់ សេដ្ឋកិច្ចជាតិ។ សម្រាប់ឆ្នាំទី១ កម្មវិធីនឹងជ្រើសរើសបេក្ខភាពចេញពីនិស្សិតដែលកំពុងសិក្សានៅ AUPP ហើយនៅឆ្នាំបន្តបន្ទាប់ នឹងពង្រីកវិសាលភាពទៅដល់គ្រឹះស្ថានឧត្តមសិក្សា ៥ បន្ថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះសមិទ្ធផលជាផ្លែផ្កានេះ និងគាំទ្រចំពោះការរៀបចំកម្មវិធីដ៏មានសារៈសំខាន់មួយនេះ។

រាជធានីភ្នំពេញ | ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤

#AUPP#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង