ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសានក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA)

នៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង ដែលមានចំនួនប្រមាណ ១២០នាក់ ជាជំហានដំបូង ដើម្បីធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសានក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA) លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ហើយដំណើរទស្សនកិច្ចនេះ ក៏នឹងមានជាបន្តបន្ទាប់ទៀត សម្រាប់អង្គភាពក្រោមឱវាទរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការធ្វើបទបង្ហាញអំពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ពីសំណាក់ ឯកឧត្តម ឃុំ ប៉ុណ្ណាប័ន្ន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន និងមន្ត្រីជំនាញ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និងប្រទេសជិតខាង។

ដំណើរទស្សនកិច្ចមួយនេះ បានធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបានស្គាល់ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ពីសារៈសំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសាន។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ដែលបានចូលរួមបង្ហាញក្តីសប្បាយរីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

#DTA#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង

  • សេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១