លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤
ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីក្នុងការពង្រឹងសមត្ថភាពមន្ត្រី និងការពង្រឹងសមត្ថភាពស្ថាប័ន, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំឱ្យបន្តរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រមទាំងចែករំលែកបទពិសោធការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួងដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ១២៥រូប ដែលជាមន្ដ្រីរាជការក្រសួង និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ២៤ខេត្ត។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង (៣) ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
សូមជម្រាបជូនថា សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី៣) សម្រាប់មន្ទីរ ប.ទ. ទាំង២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលធ្វើនៅ ៤ទីតាំង ដូចខាងក្រោម ៖
-ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤
-ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤
-ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
-រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។